(ភ្នំពេញ)៖ គណៈប្រតិភូធុរកិច្ច មកពីប្រទេសឥណ្ឌា ឌូបៃនិងសិង្ហបុរី ដែលអញ្ជើញមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៤ មានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើទីផ្សារកម្ពុជា ជាពិសេស វិស័យសុខាភិបាល ទេសចរណ៍ និង ម្ហូបអាហារ។ នេះជាការអះអាងពីបណ្ឌិត មូហាមេត ជីនណា(Mohamed Jinna) ប្រធានក្រុមហ៊ុនយូណៃធីត ហូលឌីង អ៊ីន ។
ជាក់ស្តែងនៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមវិនិយោគគិនមកពីប្រទេសឥណ្ឌា ឌូបៃនិងសិង្ហបុរី បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ។

លោកបណ្ឌិត មូហាមេត ជីនណា(Mohamed Jinna)ស្នើសុំការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ទាក់ទាញវិនិយោគិនពីតំបន់មជ្ឈិមបូព៌ា និងតំបន់ផ្សេងទៀតនៅទូទាំងពិភពលោក ជាពិសេសបណ្តាប្រទេសមូស្លីមចំនួន ៥៧ ប្រទេស រួមមាន អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួមជាដើម។ ព្រឹត្តិការណ៍ជំរុញធុរកិច្ចនេះ គ្រោងនឹងរៀបចំឡើងនៅរាជធានីភ្នំពេញនៅចុងឆ្នាំ២០២៥ ខាងមុខ។
ឯកឧត្តមអគ្គនាយកភាពាណិជ្ជកម្មកម្ពុជា បានគាំទ្រគំនិតផ្តួចផ្តើម និងការរៀបចំព្រឹត្តិការណ៍ជំរុញធុរកិច្ចដែលបានលើកឡើងដោយគណៈប្រតិភូធុរកិច្ចនាពេលនេះ ហើយសភាពាណិជ្ជកម្មកម្ពុជា នឹងសិក្សានិងពិភាក្សាលម្អិតអំពីការរៀបចំព្រឹត្តិការណ៍រួមគ្នានេះ។
ជាមួយគ្នានោះនៅព្រឹកថ្ងៃដដែល បន្ទាប់ពីបញ្ចប់ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា គណៈប្រតិភូក៏បានបន្តទៅជួប ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីស្តីការក្រសួង។
លោក បណ្ឌិត មូហាមេត បានលើកឡើងអំពីការជំរុញទេសចរណ៍តាមនាវាខ្នាតធំ ពីកម្ពុជា ទៅចិន វៀតណាម និងថៃ ដែលជាវិស័យសក្តានុពលមួយ កំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំង។ ក្រៅពីនេះ បណ្ឌិត មូហាមេត កំពុងសម្របសម្រួលជាមួយក្រុមហ៊ុនផ្តល់ដើម្បីផ្តជំនួយបរិក្ខាពេទ្យមកកម្ពុជា រួមមានបរិក្ខាព្យាបាលជំងឺមហារីក និង សន្លាក់ឆ្អឹងជាដើម ដែលមានតម្លៃជាង១លានដុល្លាផងដែរ ៕




ដោយគិរីដងរែក