32.4 C
Phnom Penh
Sunday, July 27, 2025
- Advertisement -spot_img

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញពិនិត្យវឌ្ឍនភាព​ការងារដាំដើមមន និងចិញ្ចឹមដង្កូវនាង នៅសិប្បកម្មតម្បាញនៃក្រុមហ៊ុន​សិប្បករអង្គរ ក្នុងស្រុកពួក ខេត្តសៀមរាប

- Advertisement -spot_img

ដោយមានការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ពិនិត្យវឌ្ឍនភាពការងារដាំដើមមន និងចិញ្ចឹមដង្កូវនាង សម្រាប់ផលិតសូត្រ នៅសិប្បកម្មតម្បាញនៃក្រុមហ៊ុនសិប្បករអង្គរ (អាទីហ្សង់អង្គរ) ក្នុងស្រុកពួក ខេត្តសៀមរាប។ ដំណើរបេសកកម្មនេះ ធ្វើឡើងចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤។

អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយក្រុមហ៊ុនអាទីហ្សង់អង្គរ ដើម្បីស្ដារឡើងវិញ សិប្បកម្មតម្បាញសូត្រដែលជាវប្បធម៌ដ៏ចំណាស់របស់ខ្មែរឱ្យ​ឋិតឋេរគង់វង្ស។ អស់រយៈពេលជាង៧ខែកន្លងមកនេះ លោក យិន ច័ន្ទសុធី អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម និងក្រុមការងារ​បច្ចេកទេស បានជួបជាមួយតំណាងក្រុមហ៊ុនសិប្បករអង្គរ ជាបន្តបន្ទាប់ និងបានផ្ដល់ជូនគ្រាប់ពូជដំណាំមនសម្រាប់ការបណ្ដុះ។ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារអគ្គនាយកដ្ឋាន​កសិកម្មបានផ្តល់ពងដង្កូវនាងពូជ CK174 ជាពូជរបស់ខ្មែរ ប្រមាណ ៥០០០ពង ជូនដល់ក្រុមហ៊ុនសិប្បករអង្គរ ហើយបានចុះពិនិត្យ​និងផ្លាស់ប្តូរបច្ចេកទេសលើការដាំដុះដំណាំមន ការចិញ្ចឹមដង្កូវនាង ពិនិត្យកូនមនបណ្តុះដោយគ្រាប់ដែលអគ្គនាយកដ្ឋានកសិកម្មបាន​ផ្តល់ជូនកាលពីលើកមុន។

លោកជំទាវ អ៊ឹម រចនា កត់សម្គាល់ពីភាពរីកចម្រើនយ៉ាងលឿនរហ័ស​នៃសិប្បកម្មតម្បាញរបស់ក្រុមហ៊ុនអាទីហ្សង់អង្គរ ចាប់តាំងពីពេលដែល​សិប្បកម្មនេះមានតែកូនដើមមនទើបដាំ រហូតដល់ពេលនេះដែលដើមមនលូតលាស់ធំធាត់បានល្អ។ មិនត្រឹមតែប៉ុណ្ណោះ សិប្បកម្ម​ ចាប់ផ្ដើមចិញ្ចឹមដង្កូវនាងសម្រាប់ស្រាវសូត្រ ដើម្បីផលិត​ជាផលិតផលផ្សេងៗដែលមានគុណតម្លៃផ្នែកវប្បធម៌ និងតម្លៃបន្ថែម​ផ្នែកសេដ្ឋកិច្ច ព្រមទាំងផ្ដល់ការងារដល់ប្រជាជននៅក្នុងតំបន់ ដែលភាគច្រើនជាស្ដ្រី។

លោក យិន ច័ន្ទសុធី អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ព្រមទាំងក្រុមការងារ នឹងបន្តសហការផ្លាស់ប្តូរបច្ចេកទេស​លើផ្នែក​កោសេយ្យវប្បកម្មដល់អាទីហ្សង់អង្គរ ព្រមទាំងបន្តផ្តល់ពងដង្កូវនាងពូជ​សូត្រមាសប្រមា​ណ ៥ ០០០ពង ក្នុងខែសីហា ឆ្នាំ២០២៤ និងផ្តល់ពូជ​មន​ប្រមាណ ៥០បាច់ ឬ ១ ០០០ដើមទៀត ក្នុងខែកញ្ញា ឆ្នាំ២០២៤៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img