27 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

កម្មករសំណង់ម្នាក់អង្គុយផឹកស្រាបៀរលើផ្លូវរថភ្លើង ពេលយប់ត្រូវរថភ្លើងបុកកិនស្លាប់ភ្លាមៗ

- Advertisement -spot_img

ភ្នំពេញ: កម្មករសំណង់ម្នាក់ម្នាក់បន្ទាប់ពីផឹកសុីពី ទៅបី កន្លែងបណ្តាលឲ្យស្រវឹងធ្លាក់ភ្នែកទៅហើយ មិនព្រមទៅសម្រាក សង្ស័យមិនទាន់អស់ចិត្តទើបទិញស្រាបៀរយកទៅផឹកលើផ្លូវរថភ្លើងបន្តទៀត ភ្លាមៗនោះមានបុរសម្នាក់ជាប្អូនប្រុសជីដូនមួយ បានមកហៅឲ្យទៅផ្ទះដែរ ប៉ុន្តែគាត់នៅតែមិនព្រមទៅ ទើបប្អូនប្រុសនោះទៅចូលសម្រាកមុន។

លុះក្រោយមកស្រាប់តែមានអ្នកភូមិនៅជិតនោះប្រទះឃើញបុរសជាកម្មករសំណង់ខាងលើដេកស្លាប់នៅក្នុងថ្លុកឈាមដោយមានសភាពបែកក្បាល ដែលគេសង្ស័យថា ត្រូវរថភ្លើងបុកកិន ព្រោះមានរថភ្លើង១ខ្សែបើកឆ្លងកាត់។ ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវរថភ្លើង ភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

បុរសខាងលើត្រូវបានគេស្គាល់ឈ្មោះ សារឿន មាន អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិទួលត្រាច ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សព្វថ្ងៃស្នាក់នៅក្នុងការដ្ឋានសំណង់ភូមិកើតហេតុខាងលើ ទើបតែបាន២សប្តាហ៍ប៉ុណ្ណោះ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី០១ ខែសីហា បន្ទាប់ពីចេញពីធ្វើការបុរសខាងលើរួមជាមួយប្អូនប្រុសជីដូនមួយម្នាក់ទៀតបានជិះម៉ូតូ១គ្រឿងនាំគ្នាដើរផឹកសុីនៅក្នុងភូមិពេលនោះបានផឹកចំនួន៣កន្លែងរហូតដល់ស្រវឹងធ្លាក់ភ្នែក ក៏បាននាំគ្នាទៅកោសជប់នៅម្ដុំជិតខ្លោងទ្វារវត្តស្ងួនពេជ្រ លុះកោសជប់រួចអត់ព្រមចូលទៅសម្រាកទេ ។ បន្ទាប់មកក៏បានទិញស្រាបៀរហនុមានខ្មៅចំនួន៤កំប៉ុងនិងបុកល្ហុង១កញ្ចប់ នាំគ្នាទៅអង្គុយផឹកសុីនៅលើផ្លូវរថភ្លើងត្រង់ចំណុចកើតហេតុនោះបន្តទៀត ។

ប្រភពដដែលបានបន្តទៀតថា រហូតដល់វេលាម៉ោង១២និង០០នាទីយប់ថ្ងៃដដែលប្អូនប្រុសជីដូនមួយបានបបួលទៅកន្លែងស្នាក់នៅវិញ ប៉ុន្តែបុរសរងគ្រោះមិនព្រមទៅទេ ដោយប្រាប់អោយប្អូនប្រុសជីដូនមួយទៅមុនទៅ ចាំគាត់ទៅតាមក្រោយ ហើយប្អូនប្រុសជីដូនមួយក៏បានទៅមុបាត់ទៅ ។ រហូតដល់វេលាម៉ោង១និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែសីហា ស្រាប់តែគេប្រទះឃើញគាត់ស្លាប់នៅក្នុងថ្លុកឈាម ដោយមានសភាពបែកក្បាល សង្ស័យត្រូវរថភ្លើងបុកព្រោះនៅវេលាម៉ោងជាង១២យប់រំលងអាធ្រាត្រនោះ មានរថភ្លើង១ខ្សែបើកបរចេញពីភ្នំពេញទៅកាន់ខេត្តកំពត ។

ក្រោយពេលកើតហេតុសពបុរសខាងលើមិនត្រូវបានយកចេញពីកន្លែងកើតហេតុភ្លាមៗនោះទេ រងចាំសមត្ថកិច្ចជំនាញពិនិត្យធ្វើកំណត់ហេតុរួច ទើបប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img