ខេត្តស្ទឹងត្រែង៖ ករណីជួញដូរគ្រឿងញៀនមួយត្រូវបាន កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក៩) នៃក្រសួងមហាផ្ទៃ បើកកិច្ចសហការរួមគ្នា ជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ ៧០១។
ប្រតិបត្តិការនេះបានធ្វើឡើងអស់រយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨មេសា ២០២៤ បានបើកប្រតិបត្តិការចុះបង្ក្រាបអំពើជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ហើយចាប់ខ្លួនជនសង្ស័យបាន ៥នាក់ និងរឹបអូសគ្រឿងញៀនជាច្រើនប្រភេទ ដែលមានទម្ងន់ប្រមាណជាង ២០០គីឡូក្រាម នៅចំណុចអូរដួង ស្ថិតក្នុងភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ខណៈនេះ បុរសដែលជាជនសង្ស័យជួញដូរគ្រឿងញៀនឆ្លងដែនទាំង ៥នាក់ រួមទាំងវត្ថុតាងបទល្មើសខាងលើ កំពុងស្ថិតក្រោមការរក្សាទុក ស៊ើបសួរ និងកសាងសំណុំរឿង ដើម្បីទៅកាន់អយ្យការ និងសាលាដំបូងខេត្តស្ទឹងត្រែង ពីកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋានគរបាលខេត្តស្ទឹងត្រែងចាត់ការទៅតាមនីតិវិធីច្បាប់៕


ដោយគិរីដងរែក




