ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ចុះស្រាវជ្រាវឃើញទីតាំងម៉ាស៊ីនកិនកម្ទេចឈើខ្នាតធំខុសច្បាប់មួយកន្លែង នៅភូមិក្រាំងស្គាត្បូង ឃុំក្រាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពី វេលាម៉ោង 1 និង 30 នាទី រសៀលថ្ងៃទី 28 ខែមីនា ឆ្នាំ 2024 ។
យោងតាមប្រភពពី លោកឧត្តមសេនីយ៍ត្រី ចាប ចន្ថាស្នងការរង នគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា កាលពី ថ្ងៃទី 27 ខែមីនា សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានចាប់ឃាត់រថយន្តធុនធំមួយគ្រឿង បានដឹកកំទេចឈើ ប្រមាណជា 28 តោន នៅចំណុចឃុំឈូកស ស្រុកកំពង់ត្រឡាច គោលដៅដឹកទៅខេត្តកំពត។ ក្រោយការចាប់រថយន្តដឹកកម្ទេចឈើ ខុសច្បាប់ខាងលើ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជារឲ្យកម្លាំងសមត្ថកិច្ច នគរបាល ចុះស្រាវជ្រាវរកទីតាំងធំបន្ថែមទៀត ដោយមានការសម្របសម្រួលពីលោក កែវ វន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ក៏បានស្រាវជ្រាវរកឃើញ ទីតាំងលួចលាក់កិនកម្ទេចឈើដ៏ធំមួយកន្លែងនេះបានសម្រេច ដែលស្ថិតនៅក្នុងទីតាំងក្រុមហ៊ុន ហ្គ្រេនរីសត ដោយបានប្រទះឃើញ គ្រឿងចក្រសម្រាប់លើកដើមឈើ២គ្រឿង គំនរ កំទេចឈើរាប់រយតោនចំនួន 3 កន្លែង ម៉ាស៊ីនកិនកម្ទេចឈើទំនើប2គ្រឿងផងដែរ ។
នៅក្នុងការចុះប្រតិបត្តិការនេះដែរ កម្លាំងសមត្ថកិច្ចយើងបាន រឹបអូសបានវត្ថុតាំងដូចខាងលើ ប៉ុន្តែកម្មករ និងមេការ នៅក្នុងទីតាំងខាងលើបានរត់គេចខ្លួនបាត់ស្រមោល។ បើតាមការបញ្ជាក់របស់លោកមេភូមិ ក្រាំងស្គាត្បូង បានឲ្យដឹងថា ទីតាំងកិនកម្ទេចឈើខាងលើនេះ បានកើតឡើងតាំងពីខែកក្កដាមកម្លេះ។
ចំពោះវត្ថុតាងដែលមានដូចជាម៉ាស៊ីនគ្រឿងចក្រខាងលើត្រូវបានប្រគល់ជូនសមត្ថកិច្ចនគរបាលសេដ្ឋកិច្ចខេត្ត សហការជាមួយនឹងសមត្ថកិច្ច មូលដ្ឋានយាមការពារ ដើម្បីបន្តទៅតាមនីតិវិធីច្បាប់






ដោយគិរីដងរែក




