ភ្នំពេញ : សមត្តកិច្ចបានធ្វើការចាប់ជនសង្ស័យជាឃាគករ ដែលសម្លាប់បុរសម្នាក់រួចយកសាកសពញាត់ចូលក្នុងវ៉ាលីយកទៅបោះចោលនៅខេត្តកោះកុង ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាននៅចំណុច បុរីប៉េងហួត ផ្ទះលេខ២៥ ផ្លូវលេខ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ វេលាម៉ោង៥៖០០នាទីកាលពីនៅថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៤។
កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង, អធិការដ្ឋាននគរបាលខណ្ឌទួលគោក និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានប្រើវិធានការជំនាញ ធ្វើការស្រាវជ្រាវតាមនីតិវិធី រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ និងទីតាំងឈានទៅដល់ការឃាតខ្លួន នៅចំណុច បុរីប៉េងហួត ផ្ទះលេខ២៥ ផ្លូវលេខ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
បន្ទាប់ពីសម្ថតកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការសួរចម្លើយ ហើយ ជនដៃដល់ដែលមានឈ្មោះ ញ៉ែប សុខុម បានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ឈ្មោះ ឌួង សង្ហា ពិតប្រាកដមែន កាលនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១រសៀល នៅក្នុងបន្ទប់លេខ១៦ ជាន់ទី១៦ អគារ UK Condo ៥៤៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រោយពីធ្វើសកម្មភាពរួច នៅថ្ងៃដដែល វេលាម៉ោងប្រហែល ៦៖៤៩នាទីល្ងាច ខ្លួនបានដាក់សាកសពចូលទៅក្នុងវ៉ាលីដឹកតាមរថយន្តម៉ាក RangRover Sport ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2Z-9987 យកទៅទម្លាក់ចោលនៅចំណុចជំរាលផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រ ភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ជនសង្ស័យបានបន្ថែមថា មូលហេតុខ្លួនសម្លាប់ជនរងគ្រោះដោយសារតែខឹងជនរងគ្រោះ បាន Hack យកគណនី ICloud ,ធនាគារ ABA ,សុីមទូរស័ព្ទ របស់ខ្លួនយកទៅគ្រប់គ្រង ។
សូមជម្រាបថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដោយមិនខ្លាចនឿយហត់ ហើយប្រើប្រាស់ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ក៏បំបែកសំណុំរឿងឃាតកម្មដ៏រន្ធត់មួយនេះបានជោគជ័យ៕
នៅវេលាម៉ោង៤៖៣០នាទី រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ប្រជាពលរដ្ឋបានប្រទះឃើញវ៉ាលីដាក់សាកសព នៅចំណុចក្បែរផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រ ភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង (មិនស្គាលអត្តញ្ញាណ)។
ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, អគ្គស្នងការរងទទួលការងារនាយកដ្ឋាន, ប្រធាននាយកដ្ឋានកណ្ដាល និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យដែលមានឈ្មោះ ញ៉ែប សុខុម ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបានព្រហ្មទណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។




ដោយគិរីដងរែក




