-(RFIថ្ងៃទី១៧ខែមករា)លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងនិរទេសខ្លួន និងសហការីរបស់លោកមួយចំនួន ដែលកំពុងស្ថិតនៅប្រទេសបារាំងស្រាប់មិនប្រកាសរៀបចំបាតុកម្មប្រឆាំងវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅទឹកដីអឺរ៉ុបទេ ។ ការដែលអ្នកនយោបាយប្រឆាំងមិនប្រកាសធ្វើបាតុកម្មពេលនេះអាចជារឿងចម្លែក ព្រោះកន្លងមក ក្រុមប្រឆាំងតែងតែធ្វើបាតុកម្មប្រឆាំងនឹងវត្តមាននាយករដ្ឋមន្ត្រីកម្ពុជាតាំងពីជំនាន់លោក ហ៊ុន សែនបន្តមកដល់ លោក ហ៊ុន ម៉ាណែត ។ ជាក់ស្ដែងថ្មីៗនេះ ពេលលោក ហ៊ុន ម៉ាណែត ទៅអាមេរិក កាលពីខែកញ្ញា និងទៅជប៉ុន កាលពីខែធ្នូ ចុងឆ្នាំ២០២៣ ។ ការដែលលោក សម រង្ស៊ី និងអ្នកគាំទ្រលោកមិនចេញធ្វើបាតុកម្មតាមដងផ្លូវប្រឆាំងនឹង លោក ហ៊ុន ម៉ាណែត នៅពេលនេះត្រូវបានអ្នកវិភាគមួយចំនួនលើកឡើងពីសេណារីយ៉ូផ្សេងៗគ្នា ។

-(RFIថ្ងៃទី១៧ខែមករា)នៅក្នុងសិក្ខាសាលាត្រីភាគីផ្ដល់សុពលភាពថ្នាក់ជាតិស្តីពីកម្មវិធីការងារសមរម្យប្រចាំ ប្រទេសកម្ពុជាឆ្នាំ២០២៤-២០២៨ ក្នុងថ្ងៃអង្គារ ទី១៦ មករានេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានចោទ សួរទៅដល់អង្គការវិជ្ជាជីវៈខ្លះរួមមានសហជីព និងសមាគមនិយោជកផងនោះថា តើពួកគេមានគោរពស្តង់ដារអន្តរ ជាតិ(International Standard)ខ្លួនឯងទេ ។ ការលើកឡើងរបស់លោករដ្ឋមន្ត្រីដូច្នេះ ក៏ព្រោះតែមានអង្គការវិជ្ជាជីវៈ នានា សរសេរលក្ខន្តិកៈចងការពារតែប្រធានដោយមិនបានបំរើឲ្យសមាជិកនោះទេ ។ ជុំវិញរឿងនេះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានលើកឡើងថា កន្លងមក ភាគីសហជីព និយោជក ក៏ដូចជាអង្គការអន្តរជាតិខាង ការងារ(ILO) តែងទាមទារឲ្យរដ្ឋាភិបាលមានការអនុវត្តន៍ច្បាប់ និងគោលការណ៍ផ្សេងៗទៅតាមស្តង់ដារអន្តរជាតិ ជា ពិសេសនៅក្នុងកម្មវិធីការងារសមរម្យ ។

-(RFAថ្ងៃទី១៧ខែមករា )មន្ត្រីសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលទប់ស្កាត់ការនាំចូលសាច់បង្កកដែលប៉ះពាល់ ដល់ទីផ្សារកសិករនៅក្នុងស្រុក និងស្នើឱ្យក្រសួងពាក់ព័ន្ធគួរតែអនុវត្តច្បាប់ឱ្យមានតម្លាភាព ។ ពួកគាត់អះអាងថា ប្រសិនបើមន្ត្រីនៅតាមក្រសួងនីមួយៗអនុវត្តតាមតែបញ្ហារបស់នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត នោះគឺពុំអាច ជួយដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋបានទាន់ពេលឡើយ ។ ជុំវិញរឿងនេះ មន្ត្រីអង្គការសង្គមស៊ីវិល និងកសិករ ចង់ឃើញរដ្ឋាភិបាលមានឆន្ទៈក្នុងការដោះស្រាយបញ្ហាតម្លៃសាច់សត្វនៅក្នុងស្រុកចុះថោក ។

ដោយគិរីដងរែក




