យោងតាមវេជ្ជបណ្ឌិតអន្តរជាតិដែលធ្វើការនៅទីនោះ និងអ្នកកាសែតក្នុងស្រុកដែលថតព្រឹត្តការណ៍តាមកាមេរ៉ាបានឱ្យដឹងថា កងកម្លាំងអ៊ីស្រាអែលកំពុងឆ្ពោះទៅកាន់មន្ទីរពេទ្យដ៏ធំបំផុតនៅ Khan Younis ដោយជំរុញឱ្យអ្នកជំងឺ និងមនុស្សដែលស្នាក់នៅទីនោះត្រូវភៀសខ្លួន។
វីដេអូជាច្រើនបង្ហាញមនុស្សរាប់សិបនាក់កាន់ភួយ ពូក និងរបស់របរផ្ទាល់ខ្លួនផ្សេងទៀតចាកចេញពីបរិវេណមន្ទីរពេទ្យ Al Nasser នៅភាគខាងត្បូងហ្គាហ្សាស្ទ្រីប។ ស្ត្រីអាចត្រូវបានគេមើលឃើញកាន់កូនក្នុងដៃ ខណៈបុរសម្នាក់កាន់ក្មេងប្រុសនៅលើស្មា។ សំឡេងនៃ ការទម្លាក់គ្រាប់បែក និងការបាញ់អាវុធធុនតូចអាចឮនៅក្នុងផ្ទៃខាងក្រោយ។
វេជ្ជបណ្ឌិតជនជាតិអាមេរិកម្នាក់ឈ្មោះ Thaer Ahmad ដែលជាក្រុមគ្រូពេទ្យអាមេរិក និងអង់គ្លេសមកពីអង្គការក្រៅរដ្ឋាភិបាលមនុស្សធម៌ MedGlobal ដែលធ្វើការនៅមន្ទីរពេទ្យ បានប្រាប់ CNN ថា យោធាអ៊ីស្រាអែលកាន់តែខិតជិតមកដល់ហើយ។
លោក Ahmad ដែលជាគ្រូពេទ្យសង្គ្រោះបន្ទាន់ដែលមានមូលដ្ឋាននៅទីក្រុង Chicago បាននិយាយនៅក្នុងកំណត់ត្រាជាសំឡេងដែលផ្ញើទៅ CNN ដែលសំឡេងកាំភ្លើងអាចឮនៅផ្ទៃខាងក្រោយថា “មន្ទីរពេទ្យកំពុងញ័រ ហើយមានការភ័យស្លន់ស្លោ” ។លោកបានបន្ថែមថា “ដូច្នេះជាច្រើននាក់ (អ្នកផ្លាស់ទីលំនៅខាងក្នុង) នៅជុំវិញមន្ទីរពេទ្យបានចាប់ផ្តើមដើរដោយថ្មើរជើងចេញពីមន្ទីរពេទ្យ។
កាលពីព្រឹកថ្ងៃអង្គារ យោធាអ៊ីស្រាអែលបាននិយាយថា ថ្មីៗនេះ ក្រុមហាម៉ាសបានធ្វើការបាញ់ប្រហារឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល ពីក្នុងបរិវេណមន្ទីរពេទ្យ Al Nasser។ អ៊ីស្រាអែលបានចោទប្រកាន់ក្រុមហាម៉ាស់ម្តងហើយម្តងទៀតថាបានកេងប្រវ័ញ្ចជនស៊ីវិលជាខែលការពារមនុស្ស ដោយប្រើប្រាស់មន្ទីរពេទ្យ និងតំបន់ក្បែរនោះធ្វើជាទីតាំងយោធា។




ប្រភព CNN ប្រែសម្រួលដោយគិរីដងរែក




