ព្យុះទីហ្វុងខានុន (Khanun) ត្រូវបានកំណត់ថានឹងរំកិលមកជិតប្រជុំកោះអូគីណាវ៉ា (Okinawa) ដែលស្ថិតនៅចុងខាងត្បូងរបស់ប្រទេសជប៉ុនម្តងទៀតមុនពេលឆ្ពោះទៅភាគខាងជើងវាយប្រហារលើកោះសំខាន់ៗនៅសប្តាហ៍ក្រោយដោយនឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងពាសពេញតំបន់។
គិតត្រឹមម៉ោង ៥ល្ងាច (ម៉ោងនៅតូក្យូ) ព្យុះទីហ្វុង Khanun កំពុងស្ថិតនៅចម្ងាយប្រហែល ១០០គីឡូម៉ែត្រ ភាគខាងលិចខេត្តកាហ្គោស៉ីម៉ា (Kagoshima) នៃកោះតូគូណូ (Tokuno)។ អាជ្ញាធរនៅតែក្រើនរំលឹកឲ្យប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លៀងធ្លាក់ខ្លាំង ទឹកឡើងខ្ពស់ និងព្យុះបោកបក់។
បើទោះបីជាមានការព្យាករអំពីព្យុះភ្លៀង ប៉ុន្តែសីតុណ្ហភាពនៅក្នុងទីក្រុងដាតេ (Date) នៃខេត្តហ៊្វូគូស៉ីម៉ា (Fukushima) បានឡើងដល់ ៤០អង្សាសេដែលជាកម្រិតខ្ពស់បំផុតក្នុងឆ្នាំ ២០២៣សម្រាប់ជប៉ុន។
ព្យុះទីហ្វុង Khanun បានសម្លាប់មនុស្ស ៣នាក់ និងរបួសជាង ៧០នាក់នៅកោះអូគីណាវ៉ា រួចមកហើយកាលពីសប្តាហ៍មុន ជាមួយនិងការជន់លិចយ៉ាងច្រើន និងបណ្តាលឲ្យអគារនានារងការខូចខាតផងដែរ៕



ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក




