ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ចប់ការបំពេញទស្សនកិច្ចក្នុងប្រទេសតួកគីដោយនាំមេបញ្ជាការទាំង៥រូបខាងលើដែលត្រូវបានប្រជាជនអ៊ុយក្រែនចាត់ទុកថាជាវីរបុរស បានដឹកនាំការធ្វើសង្រ្គាមប្រឆាំងនឹងកងកម្លាំងរុស្ស៉ី នៅទីក្រុងកំពង់ផែម៉ារីយូប៉ូល (Mariupol) ស្ថិតនៅភាគខាងត្បូងនៃប្រទេសនិងជាទីក្រុងដែលកងកម្លាំងរុស្ស៉ីដណ្ដើមកាន់កាប់កាលពីឆ្នាំ២០២២កន្លងទៅ។ លោក ហ្សេលេនស្គី កាលពីថ្ងៃសៅរ៍ ទី៨ ខែកក្កដា បានបង្ហោះវីដេអូមួយមានរយៈពេល ១នាទី ដែលបង្ហាញពីរូបលោកផ្ទាល់ និងក្រុមមន្ត្រីដទៃដែលបានចាប់ដៃ ព្រមទាំងឱបមេបញ្ជាការទាំង៥រូបនេះដោយទឹក មុខញញឹម មុនពេលពួកគេឡើងជិះយន្ដហោះមួយគ្រឿងរបស់ប្រទេសឆែក ត្រឡប់ទៅអ៊ុយក្រែនវិញ។
លោក Volodymyr Zelensky បានជួបប្រធានាធិបតីទួរគី Recep Tayyip Erdogan សម្រាប់កិច្ចពិភាក្សានៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃសុក្របាននិយាយថា៖ «យើងកំពុងចាកចេញពីតួកគីត្រឡប់ទៅផ្ទះវិញ ហើយនាំវីរបុរសរបស់យើងត្រឡប់ទៅផ្ទះវិញផងដែរ»។
ទីក្រុងកំពង់ផែ Mariupol បានក្លាយជាចំណុចកណ្តាលនៃការប្រយុទ្ធគ្នាដ៏ជូរចត់ភ្លាមៗបន្ទាប់ពីការលុកលុយពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីដើមឆ្នាំមុន។ ការប្រយុទ្ធនៅជុំវិញទីក្រុងដែលត្រូវបានឡោមព័ទ្ធដោយទាហានរុស្ស៊ីបានអូសបន្លាយជាច្រើនខែ។
ទីក្រុងកៀវបានបញ្ជាឱ្យ កងទ័ពរបស់ខ្លួនដែលការពាររោងចក្រដែកថែប អាសូវស្ដល (Azovstal) ក្នុងទីក្រុងម៉ារីយូប៉ូល ទម្លាក់អាវុធចុះចាញ់ការឡោមព័ទ្ធពីកងកម្លាំងរុស្ស៉ី កាលពីខែឧសភា ឆ្នាំ២០២២។ រុស្ស៉ីបានដោះលែងកងកម្លាំងអ៊ុយក្រែនជាច្រើននាក់ ក្រោមកិច្ចព្រមព្រៀងដោះដូរឈ្លើយសឹក សម្របសម្រួលដោយតួកគី ហើយនៅក្រោមកិច្ចព្រមព្រៀង នេះដែរ មេបញ្ជាការទាំង៥រូប ត្រូវតម្រូវឱ្យស្នាក់ក្នុងប្រទេសតួកគី រហូតដល់សង្រ្គាមបញ្ចប់។ ប៉ុន្តែ លោក ហ្សេលេនស្គី មិនបានពន្យល់នោះទេថាតើហេតុអ្វីបានជា មេបញ្ជាការទាំង៥ ត្រូវបានដោះលែងនៅពេលនេះ រីឯតួកគីក៏មិនបានធ្វើអត្ថាធិប្បាយអ្វីនោះដែរ៕


ប្រភព The Morning Post ប្រែសម្រួលដោយគិរីដងរែក




