ចាប់តាំងពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន ផ្ទុះឡើងកាលខែកុម្ភៈ ឆ្នាំ២០២២មក កិច្ចសហប្រតិបត្តិការរវាងរុស្ស៉ី និងចិន បាន រីកធំធាត់លើគ្រប់វិស័យទាំងអស់។ ទីក្រុងមូស្គូមិនបានលាក់បាំងអ្វីនោះទេពីការពិតដែលថាខ្លួនកំពុងពឹងផ្អែកលើចិន នៅក្នុងការប្រឈមមុខជាសកលជាមួយ លោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក ដ្បិតមើលឃើញថាទីក្រុងប៉េកាំងមាន «សត្រូវរួម»។
ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងមក ចំណែករបស់ចិន នៅក្នុងពាណិជ្ជកម្មរបស់រុស្ស៉ី មានរហូតដល់ទៅជិត ២២ភាគរយ ហើយបែបនេះឯងទើបមានការគិតថារុស្ស៉ីកំពុងធ្លាក់ចូលទៅក្នុងភាពជាចំណុះចិន។ ពិតណាស់ មើលមួយភ្លែត វាអាចដូចជាការគិតដូច្នោះមែន តែបើពិនិត្យឱ្យល្អិតល្អន់ វាក៏មិនមែនជារឿងចម្លែក ឬក៏មិនធ្លាប់កើតមាននោះដែរ។
នៅក្នុងករណីរុស្សុី អ្វីដែល ជាបញ្ហាចោទ គឺនៅត្រង់ការនាំចេញឧស្ម័ន ដោយសារតែភាពបត់បែនក្នុងការនាំចេញឧស្ម័នរបស់រុស្ស៉ីមានដែនកំណត់ដោយសារហេដ្ឋារចនាសម្ព័ន្ធ និងការប្រេះឆា ជាមួយអឺរ៉ុប។
រុស្សុីក៏មិនមែននាំចូលទំនិញមកពីចិនតែមួយគត់នោះដែរ ដោយមានប្រទេសជាច្រើនទៀតជាប្រភពនាំចូលរបស់រុស្សុី រួមមានតួកគី អេមីរ៉ាតអារ៉ាប់រួម និងបណ្ដា ប្រទេសក្នុងតំបន់អាស៊ីកណ្ដាលជាដើម។
រុស្ស៉ីមិនទាន់បានចូលរួមក្នុង គំនិតផ្ដួចផ្ដើមសេដ្ឋកិច្ចដ៏សំខាន់របស់ចិន នោះគឺគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវនោះទេ ហើយក៏មិនបានទទួលស្គាល់ការអះអាងពីអធិបតេយ្យរបស់ចិន ក្នុងតំបន់ ជម្លោះសមុទ្រចិនខាងត្បូងនោះដែរ។
លើសពីនេះទៅទៀត កាលពីពេលថ្មីៗនេះ ទីក្រុងមូស្គូបាននិយាយប្រយោលពីឯករាជ្យភាពរបស់ខ្លួន ជុំវិញការចាប់ខ្លួនមនុស្ស ដែលត្រូវបានចោទថាបានលួចលក់ព័ត៌មាន ឬបច្ចេកវិទ្យាសម្ងាត់ឱ្យចិន។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៉ីត្រូវបានគេមើលឃើញថាមានចេតនាផ្សព្វផ្សាយព័ត៌មាន នេះ ជាសាធារណៈ បើទោះជាពួកគេអាចបិទបាំងរឿងនេះដើម្បីកុំឱ្យចិនខឹងសម្បារក៏ដោយ។
ទីផ្សាររុស្ស៉ីមានភាពបើកចំហចំពោះទំនិញចិនហើយរុស្ស៉ីមានបំណងផ្គត់ផ្គង់ឱ្យចិននូវធនធានដែលប៉េកាំងត្រូវការជាចាំបាច់។
តែការប៉ុនប៉ងដាក់សម្ពាធណាមួយពីចិន លើរុស្ស៉ីអាចនឹងបង្កហានិភ័យជះត្រឡប់ទៅចិនវិញដូចគ្នា ព្រោះថាថ្នាក់ដឹកនាំរុស្ស៉ី រួមទាំងលោក ពូទីន ប្រាកដជាមិនព្រម ឱ្យរុស្ស៉ីក្លាយជារដ្ឋចំណុះប្រទេសណាមួយឡើយ កុំថាឡើយចិន។ សង្រ្គាមនៅអ៊ុយក្រែនមិនត្រឹមតែពង្រឹងគោលជំហររបស់ចិនក្នុងទំនាក់ទំនងជាមួយរុស្ស៉ី ប៉ុណ្ណោះទេ តែវាក៏ផ្ដល់ផលប្រយោជន៍សំខាន់ៗមួយចំនួនសម្រាប់រុស្ស៉ីដែរ។
ទីក្រុងប៉េកាំងមានទស្សនៈវិស័យជាយូរណាស់មកហើយថា ការប្រឈមមុខជាមួយលោកខាងលិច ជារឿងចៀសមិនរួច ដូច្នេះទណ្ឌកម្មប្រឆាំងនឹងចិន គឺវាអាស្រ័យទៅលើពេលវេលាតែប៉ុណ្ណោះ។
ម្លោះហើយ កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយវិមានក្រឹមឡាំង និងក្រុមមន្ត្រីរុស្ស៉ី ដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួន កាន់តែសំខាន់ជាងនេះ អាវុធរបស់ ចិនមួយផ្នែកគឺបានមកពីការទិញពីរុស្ស៉ី ឬក៏ការអភិវឌ្ឍអាវុធរុស្ស៉ី និងសូវៀតបញ្ចូលគ្នា។
ជាសំណាងល្អ ការបង្កើតទំនាក់ទំនងយោធាជិតស្និទ្ធជាមួយរុស្ស៉ី នឹងផ្ដល់ឱកាសឱ្យ ចិនអាចទទួលបានព័ត៌មានដែលខ្លួនចង់បាន ដោយមិនចាំបាច់ចំណាយគ្រាប់កាំភ្លើង ឬកងទ័ពសូម្បីតែម្នាក់។


ប្រភព The Sydney Morning Herald ប្រែសម្រួលដោយគិរីដងរែក




