ការបណ្តាក់ទុនរួមគ្នារវាងសហគ្រាសចិន និងកម្ពុជាដែលបានបើកដំណើរការកាលពី១៥ ឆ្នាំមុន បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។
សម្រាប់ប្រជាជនជាច្រើននៅក្នុងប្រទេសកម្ពុជា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) គឺជាកន្លែងដ៏អស្ចារ្យមួយ ពីព្រោះកាលពីមុន តំបន់នេះគ្មានអ្វីក្រៅពីវាលរហោស្ថានដ៏ធំល្វឹងល្វើយនោះទេ។
ឥឡូវនេះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានទំហំ ១១.១៣គីឡូម៉ែត្រការ៉េ ដែលមានទីតាំងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ គឺជាសួនឧស្សាហកម្មដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ដោយមានរោងចក្រចំនួន១៧៥មកពីជុំវិញពិភពលោក។
បង្កើតឡើងដោយក្រុមហ៊ុនឯកជនរបស់កម្ពុជា និងចិន តំបន់នេះត្រូវបានចាត់ទុកថាជាគម្រោងកិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវដ៏សំខាន់រវាងប្រជាជាតិទាំងពីរ។
ចាប់តាំងពីវាត្រូវបានដាក់ឱ្យដំណើរការ ទំហំនាំចូល និងនាំចេញរបស់តំបន់នេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបានកើនឡើងពី១៣៩លានដុល្លារក្នុងឆ្នាំ២០១៣ ដល់ជិត ២.៥ ពាន់លានដុល្លារកាលពីឆ្នាំមុន។
ក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ តំបន់នេះត្រូវបានផ្លាស់ប្តូរទៅជាសួនឧស្សាហកម្មទំនើប ខណៈដែលភូមិបិតត្រាំងជាភូមិនេសាទត្រូវបានអភិវឌ្ឍទៅជាទីក្រុងដ៏អ៊ូអរ បំពាក់ដោយគ្រឿងបរិក្ខារយ៉ពេញលេញ រួមទាំងស្ថានីយ៍ប្រេងឥន្ធនៈ ហាងលក់ទូរស័ព្ទ ហាងកាត់សក់ ផ្សារ និងភោជនីយដ្ឋានជាច្រើនទៀត។
អគារថ្មីៗ មជ្ឈមណ្ឌលសេវាកម្មច្រកចេញចូលតែមួយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១០ រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងឆ្នាំ ២០១៥ រោងចក្រថាមពលនៅឆ្នាំ ២០១៧ និងសាកលវិទ្យាល័យនៅឆ្នាំ២០១៩ រួមទាំងផ្លូវហាយវេប្រវែង១៨៩ គីឡូម៉ែត្រដែលតភ្ជាប់ទីក្រុងភ្នំពេញ ទៅខេត្តព្រះសីហនុ ត្រូវ បាន សាងសង់រួចរាល់កាលពីឆ្នាំមុន។
ផ្លូវហាយវេដែលបានបើកឲ្យធ្វើចរាចរណ៍កាលពីខែតុលាត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន។វាកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងទាំងពីរមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមើលទៅមិនខុសពីសួនឧស្សាហកម្មទំនើបណាមួយនៅក្នុងប្រទេសចិនទេ។ ប្រសិនបើមានភាពខុសគ្នានោះគឺ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុថ្មីជាង ឬធំជាង។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែលមើលការខុសត្រូវលើការអភិវឌ្ឍក្នុងតំបន់បាននិយាយថា អគារផ្សេងៗត្រូវបានកែលម្អឥតឈប់ឈរ ហើយមានបន្ថែមនូវបរិក្ខារថ្មី ដើម្បីទាក់ទាញអាជីវកម្មអន្តរជាតិបន្ថែមទៀត។
ជាច្រើនឆ្នាំកន្លងមកនេះ សួនឧស្សាហកម្មបានបង្កើតគ្លីនិកសុខភាព មជ្ឈមណ្ឌលប្រឹក្សាច្បាប់ និងស្ថាប័នអប់រំចំនួនពីរ គឺវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ព្រះសីហនុ និងវិទ្យាស្ថានពាណិជ្ជកម្ម និងបច្ចេកវិទ្យាខេត្តព្រះសីហនុ។




ដោយគិរីដងរែក