កាលពីរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ Sarawut Chaisit មេបញ្ជាការកងទ័ពបូព៌ាថៃ បានហោះបន្ទាន់ទៅកាន់ច្រកត្រួតពិនិត្យអន្តោប្រវេសន៍អារញ្ញ ខេត្តស្រះកែវ ដើម្បីមើលស្ថានការណ៍ជួយដល់ប្រជាពលរដ្ឋថៃក្នុងហេតុការណ៍អគ្គីភ័យឆាបអគារកាស៊ីណូ (Grand Diamond) នៅខាងក្រុងប៉ោយប៉ែត (កម្ពុជា) ដែលនៅឆ្ងាយពីប៉ុស្តិ៍ត្រួតពិនិត្យអន្តោប្រវេសន៍អារញ្ញ ខេត្តស្រះកែវប្រហែល២០០ម៉ែត្រ។
បន្ទាប់មក លោកឧត្តមសេនីយ៍ទោ Sarawut ក៏បានដឹកនាំប្រតិភូបានដើរឆ្លងស្ពានមិត្តភាពកម្ពុជា-ថៃទៅដល់កន្លែងកើតហេតុ ដោយមើលទិដ្ឋភាពភ្លើងឆេះអគារកាស៊ីណូ (Grand Diamond) ដែលនៅខាងមុខជាអគារកាស៊ីណូកំពស់ ៨ជាន់ ខាងក្រោយជាអគារថ្មី VIP កម្ពស់ ១៧ជាន់ ហើយនៅទល់មុខអគារកាស៊ីណូជាអគារស្នាក់នៅកម្ពស់ ៧ជាន់ តភ្ជាប់ដោយស្ពានថ្មើរជើង ដែលអគារទាំង៣បានរងការខូចខាតដោយភ្លើងឆេះ ជាពិសេសអគារកាស៊ីណូកំពស់ ៨ជាន់ត្រូវភ្លើងឆាបឆេះខ្លាំងជាងគេ។ ទន្ទឹមគ្នានេះក៏មានក្រុមភ្នាក់ងារជួយសង្គ្រោះថៃប្រមាណជាង ១០០នាក់បានមករួមគ្នាជួយសង្គ្រោះ និងស្វែងរកជនរងគ្រោះនៅក្នុងអគារបាក់បែកដែលឆេះផងដែរ ដោយបានខិតខំយ៉ាងដុតដៃដុតជើងក្នុងការរុករកប្រជាជនថៃ។
មជ្ឈមណ្ឌលសម្របសម្រួលជួយប្រជាជនថៃដែលរងគ្រោះដោយអគ្គិភ័យនៅក្រុងប៉ោយប៉ែតបាននិយាយដោយយោងតាមរបាយការណ៍ពីសមត្ថកិច្ចកម្ពុជាថា រហូតមកដល់ពេលនេះ (រសៀលថ្ងៃទី២៩ធ្នូ) មានជនជាតិថៃសរុប ២១នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះកាស៊ីណូនេះ ដែលក្នុងចំណោមនោះមានស្ត្រី ៨នាក់៕


ដោយគីរីដងរែក




