ក្រុមសិល្ប:កម្ពុជា នៃនាយកដ្ឋាន សិល្បទស្សនីយភាពបានទទួលមេដាយ ចំនួនពីរក្នុង នោះមេដាយមាស មួយ និងមេដាយ ប្រាក់មួយ និងប័ណ្ណសរសើរចំនួនមួយក្នុងការប្រកួតប្រជែងមហោស្រពតន្ត្រីអាស៊ានឆ្នាំ ២០២២ នៅប្រទេសវៀតណាម ។
នាយកដ្ឋានសិល្បៈទស្សនីយភាព បានឱ្យដឹងបន្ថែមថា សិល្បករ សិល្បការិនី នាយកដ្ឋាន ចូលរួមមហោស្រពតន្ត្រីអាស៊ាន ឆ្នាំ២០២២ (ASEAN Music Festival) ដែលបានធ្វើឡេីងពីថ្ងៃទី ១៩ ដល់២៤ ខែ ធ្នូ ឆ្នាំ២០២២ នៅទីក្រុង Hoi An ខេត្ត Quang Nam ប្រទេសវៀតណាម តមតាមការអញ្ជើញពីសាធារណៈរដ្ឋសង្គមនិយមវៀតណាម។
ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពី ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឯល ប៊ុនណុល អនុប្រធាននាយកដ្ឋានបានដឹកនាំសិល្បករ សិល្បការិនី នៃនាយកដ្ឋានសិល្បៈទស្សនីយភាព ចូលរួមមហោស្រពតន្ត្រីអាស៊ាន (ASEAN Music Festival) នៅទីក្រុង Hoi An ខេត្ត Quang Nam នៃប្រទេសវៀតណាម។
ក្នុងព្រឹត្តិការណ៍វប្បធម៌នេះ ប្រទេសកម្ពុជា បានចូលរួមប្រកួតប្រជែងទទួលបាននូវលទ្ធផល៖

១.តន្ត្រីភ្លេងការ ( The Wedding Music ) ទទួលបានមេដាយមាស អមដោយថវិកា

២.តន្ត្រីរបាំឆៃយ៉ាំ ( Chhai Yam Dance) ទទួលបានមេដាយប្រាក់ អមដោយថវិកា

៣.បណ្ណសរសើរចំនួនមួយ លើការថែរក្សាតន្ត្រី ទំនៀមទម្លាប់ ប្រពៃណីបានខ្ជាប់ខ្ជួន (Merit of Authentic Tradition)


គួរបញ្ជាក់ថា មហោស្រពនេះ មានប្រទេសចូលរួមដូចជា ប្រទេសកម្ពុជា ប្រទេសម៉ាឡេស៊ី ប្រទេសមីយ៉ាន់ម៉ា ប្រទេសឡាវ និងប្រទេសវៀតណាម ជាម្ចាស់ផ្ទះ មានចំនួន ១០ក្រុមមកពីបណ្តាខេត្តផ្សេងៗ៕
ដោយគីរីដងរែក




