ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡារូវ ថ្លែងថា ប្រហែលជាមានតម្រូវការសម្រាប់កិច្ចពិភាក្សាដោយផ្ទាល់រវាងលោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ហើយប្រធានាធិបតីរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលតុចរចាបែបនេះ ប៉ុន្តែវានឹងតម្រូវឱ្យមានការរៀបចំមួយចំនួន។
លោក ឡារូវ បាននិយាយបន្ទាប់ពីកិច្ចពិភាក្សាដ៏តានតឹងជាមួយរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនលោក ឌីមីត្រូ គូលេបា នៅទីក្រុង Antalya ប្រទេសតួកគីកាលពីថ្ងៃព្រហស្បតិ៍យ៉ាងដូច្នេះថា យើងបានបញ្ជាក់នៅថ្ងៃនេះថា លោកប្រធានាធិបតី ពូទីន មិនបដិសេធគំនិតនៃកិច្ចប្រជុំជាមួយលោកប្រធានាធិបតី ហ្សេលេនស្គីនោះទេ។
លោកបន្ថែមថា លោកបានរំលឹកសមភាគីអ៊ុយក្រែនរបស់ខ្លួនថា លោក ពូទីន និងរុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីជួបចរចា ប្រសិនបើយើងអាចសម្រេចបាននូវការទាមទារមួយចំនួន និងដោះស្រាយបញ្ហា។
លោក ឡារូវ បាននិយាយអំពីកិច្ចចរចាដែលអាចកើតមានរវាងលោក ពូទីន និងលោក ហ្សេលេនស្គី ថា ប្រហែលជានៅពេលណាមួយ ភាពចាំបាច់បែបនេះ នឹងមានសង្ឃឹមកើតឡើង។ ប៉ុន្តែដើម្បីឱ្យរឿងនេះកើតឡើង ការងាររៀបចំត្រូវតែធ្វើនៅតាមបណ្តោយផ្លូវបេឡារូស។ គួរកត់សម្គាល់ គណៈប្រតិភូមកពីទីក្រុងម៉ូស្គូ និងទីក្រុងកៀវ បានបើកកិច្ចចរចាចំនួនបីលើករួចមកហើយនៅទីក្រុងមីនស្ក៍ ចាប់តាំងពីការចាប់ផ្តើមជម្លោះកាលពីថ្ងៃទី២៤ ខែកុម្ភៈ ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេមិនទាន់ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់នៅឡើយទេ៕
ប្រភពដោយ៖ CNN
បកប្រែក្រៅផ្លូវកាដោយ៖ លោក អុឹម សុផាត
រក្សាសិទ្ធិដោយ៖ សារព័ត៌មានគីរីដងរែក