បើតាមព័ត៌មានអាមេរិក ចុះផ្សាយថា Amazon ដែលជាក្រុមហ៊ុន ពាណិជ្ជកម្មអេឡិចត្រូនិកមានតម្លៃ ១ ពាន់ពាន់លានដុល្លារ គ្រោងនឹងបញ្ឈប់បុគ្គលិកសាជីវកម្ម និងបច្ចេកវិទ្យាប្រហែល ១០,០០០ នាក់នៅសប្តាហ៍នេះ ។
ការបញ្ឈប់ការងារនេះកើតឡើងភ្លាមៗ បន្ទាប់ពីក្រុមហ៊ុន Meta និង Twitter ប្រកាសកាត់បន្ថយបុគ្គលិក ដូចគ្នាកាលពីសប្តាហ៍មុន បន្ទាប់ពីតម្លៃរបស់ក្រុមហ៊ុនបានធ្លាក់ចុះ ។
បើតាមរបាយការណ៍មួយបង្ហាញឱ្យដឹងថា ការកាត់បន្ថយការងារនេះ នឹងប៉ះពាល់ដល់អង្គភាពឧបករណ៍របស់ក្រុមហ៊ុន ផ្នែកលក់រាយ និងធនធានមនុស្ស ហើយវានឹងក្លាយជាការកាត់បន្ថយដ៏ធំបំផុតរបស់ក្រុមហ៊ុន Amazon ដែលមិនធ្លាប់មានពីមុនមក។ មិនតែប៉ុណ្ណោះ ការកាត់បន្ថយនេះ ក៏បង្ហាញពីសញ្ញាដ៏អាក្រក់សម្រាប់អាជីវកម្មផ្សេងទៀតផងដែរក្នុងពេលដំណាលគ្នានេះ ។
ដោយឡែក ចំពោះ Google, YouTube, និង Meta វិញ បានបង្ហាញរបាយការណ៍ថា នៅក្នុងត្រីមាសទី៣ នេះ ចំណូលរបស់ក្រុមហ៊ុនទាំងបី គឺបានធ្លាក់ចុះដូចគ្នា ដែលអាចជាសញ្ញាមួយ សម្រាប់ Google និង YouTube ឈានទៅដល់ការកាត់បន្ថយចំនួនបុគ្គលិក ដូច Meta ក៏ថាបាន។
មិនត្រឹមតែប៉ុណ្ណោះ រយៈពេលប៉ុន្មានខែថ្មីៗនេះ Amazon ក៏បានបិទសេវាកម្មសុខភាពទូរគមនាគមន៍របស់ពួកគេផងដែរ ដោយលុបចោលនូវផលិតផលថ្មី ដែលមានឈ្មោះថា “Amazon Glow” ដែលជាឧបករណ៍ខលវីដេអូសម្រាប់កុមារ ក៏ដូចជាមនុស្សយន្តដឹកជញ្ជូនផងដែរ ៕
ប្រភព Investopedia ប្រែសម្រួលដោយគីរីដងរែក




