(បរទេស)៖ ពាក្យដែលកំពូលមហាសេដ្ឋីលំដាប់ពិភពលោកលោក Elon Musk ធ្លាប់បានសន្យាជាមួយអតីតប្រធានាធិបតីអាមេរិកលោក Donald Trump ពេលនេះទំនងជាជិតក្លាយជាការពិតហើយ បន្ទាប់ពីលោកបានបិទបញ្ចប់កិច្ចព្រមព្រៀងទិញយក Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារពេលថ្មីៗនេះ។ ពោលគឺ នាយកប្រតិបត្តិ Twitter ថ្មីរូបនេះបានប្រកាសថាលោកមានគម្រោងបង្កើត «ក្រុមប្រឹក្សាសម្របសម្រួលមាតិកា» នៅក្នុងក្រុមហ៊ុនដែលលោកកាន់កាប់នេះតែម្តង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។
ក្នុងអំឡុងខែឧសភា ឆ្នាំ២០២២កន្លងទៅ បន្ទាប់ពី Musk បានយល់ព្រមទិញយក Twitter ក្នុងតម្លៃ ៥៤.២០ដុល្លារក្នុងមួយហ៊ុន លោកបាននិយាយថា លោកនឹងលុបចោលការហាមឃាត់ពេញមួយជីវិតរបស់ Twitter លើអតីតប្រធានាធិបតី Donald Trump ប្រសិនបើលោកបានកាន់កាប់ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គមនេះទាំងស្រុង។
យ៉ាងណាមិញទាក់ទិននឹងការលើកឡើងនេះ Musk មិនទាន់ផ្តល់ព័ត៌មានលម្អិតអំពីរបៀបដែលក្រុមប្រឹក្សាសម្របសម្រួលមាតិកានៅ Twitter របស់លោកនឹងដំណើរការទេ ហើយក៏មិនទាន់ដឹងដែលថាបុគ្គលរូបណាខ្លះដែលលោកនឹងត្រូវបានអញ្ញើញឱ្យចូលរួមនៅក្នុងក្រុមនេះ។ ខណៈដំណឹងនេះកំពុងកើតជាចម្ងល់ថាតើ Twitter នឹងមានឯករាជ្យភាពច្រើនជាង ឬតិចជាង ឬក៏មានឥទ្ធិពលជាងក្រុមប្រឹក្សាត្រួតពិនិត្យនៅ Facebook នៅពេលដែល Musk មកគ្រប់គ្រងនោះ។ ហើយលើសពីនេះទៅទៀតតើ «Musk នឹងអាចលុបចោលការហាមឃាត់របស់លោក Donald Trump តបតាមការសន្យាបានដែរឬទេ?»។
គួរបញ្ជាក់ដែរថា លោក Donald Trump ត្រូវបានហាមឃាត់ជាអចិន្ត្រៃយ៍ពី Twitter បន្ទាប់ពីការវាយប្រហារដោយអ្នកគាំទ្ររបស់លោកទៅលើវិមាន Capitol របស់សហរដ្ឋអាមេរិក។ ទើបបណ្តាលឱ្យ Twitter សម្រេចចិត្តបិទគណនីនេះជាអចិន្ត្រៃយ៍តែម្តងបន្ទាប់ពីកុបកម្មនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ដោយលើកឡើងពីហានិភ័យនៃការញុះញង់ឱ្យកើតមានអំពើហិង្សា៕

ប្រភព CNBC ប្រែសម្រួលដោយគីរីដងរែក