ចំពេលមានភាពតានតឹងកើនឡើងខ្លាំងនៅលើឧបទ្វីបកូរ៉េ, សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានប្រកាសធ្វើសមយុទ្ធដែនអាកាសរួមគ្នាឡើងវិញ បន្ទាប់ពីផ្អាកអស់រយៈពេល៤ឆ្នាំ។
ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់កងទ័ពអាកាសកូរ៉េខាងត្បូង, ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍កាលពីថ្ងៃសុក្រទី២៨ខែតុលាថា យោធានៃប្រទេសទាំងពីរ នឹងចាប់ផ្តើមធ្វើសមយុទ្ធដែនអាកាសរួមគ្នាដ៏ធំនៅសប្តាហ៍ក្រោយ ដោយមានការចូលរួមពីយន្តហោះយោធាចំនួន២៤០គ្រឿង។ សមយុទ្ធ ផ្លូវអាកាសរយៈពេលប្រាំថ្ងៃ នឹងចាប់ផ្តើមនៅថ្ងៃចន្ទ ។
សេចក្តី ថ្លែងការណ៍ បាន និយាយ ថា “ក្នុងអំឡុងពេលសមយុទ្ធនេះ កងកម្លាំងទ័ពអាកាសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងរៀបចំនីតិវិធីប្រតិបត្តិការក្នុងអំឡុងពេលមានសង្រ្គាម និងបង្កើនសមត្ថភាពប្រតិបត្តិការប្រកបដោយនិរន្តរភាព ដោយធ្វើប្រតិបត្តិការដែនអាកាសសំខាន់ៗឥតឈប់ឈរ ដូចជាការហោះហើរវាយប្រហារ ផ្តល់ការការពារដែនអាកាស និងសង្គ្រោះបន្ទាន់ ផ្លូវ អាកាស”។
សហរដ្ឋអាមេរិក នឹងបញ្ជូនយន្តហោះចម្បាំងធុន F-35B ចំនួន១០០គ្រឿង ទៅចូលរួមក្នុងសមយុទ្ធរួមគ្នានេះ ខណៈកូរ៉េខាងត្បូងនឹងបញ្ជូនយន្តហោះចំនួន១៤០គ្រឿង រួមទាំងយន្តហោះបំបាំងកាយ F-35A ក៏ដូចជាយន្តហោះចម្បាំង F-15K និង KF-16 ផងដែរ។។
យោងតាមទីភ្នាក់ងារនេះ, សមយុទ្ធផ្លូវអាកាសរួមគ្នា ត្រូវបានធ្វើឡើងជាលើកដំបូងនៅក្នុងឆ្នាំ ២០១៥ ហើយក្រោយមកត្រូវបានផ្អាកដោយរដ្ឋបាលរបស់លោកប្រធានាធិបតី Moon Jae-in ក្នុងឆ្នាំ២០១៨ ដែលជាផ្នែកមួយនៃការជំរុញការផ្សះផ្សាទំនាក់ទំនងអន្តរកូរ៉េ។
ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បានកើនឡើងកាន់តែខ្លាំង បន្ទាប់ពីការធ្វើសមយុទ្ធយោធានាពេលថ្មីៗនេះដោយកូរ៉េខាងត្បូង ក៏ដូចជាការបាញ់សាកល្បងមីស៊ីលរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងជើងផងដែរ៕




ប្រភព Yonhap ប្រែសម្រួលដោយគីរីដងរែក