យោងតាមប្រភពពីយោធាកូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងពីរគ្រាប់បន្ថែមទៀតចូលទៅក្នុងសមុទ្រ នៅថ្ងៃអាទិត្យនាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ ដែលជាការបាញ់បង្ហោះក្នុងរយៈពេលពីរសប្ដាហ៍ចុងក្រោយនេះ ចំពេលមានភាពតានតឹងជុំវិញសមយុទ្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងតំបន់។
អគ្គសេនាធិការចម្រុះរបស់យោធាកូរ៉េខាងត្បូងបានប្រកាសពីការបាញ់បង្ហោះមីស៊ីលពីភាគខាងត្បូងឈៀងខាងកើតនៃប្រទេស ដែលជាលើកទី៧ និងទី៨ ក្នុងរយៈពេលពីរសប្តាហ៍ ប៉ុន្តែព័ត៌មានលម្អិតផ្សេងទៀត មិនត្រូវបានរាយការណ៍នោះទេ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Yonhap ។
គួររំលឹកថា កាលពីថ្ងៃសៅរ៍ ប្រទេសកូរ៉េខាងជើង បានអះអាងថាការបាញ់សាកល្បងមីស៊ីល របស់ខ្លួនគឺជាការប្រឆាំងស្របច្បាប់ ចំពោះការគំរាមកំហែងផ្នែកយោធារបស់សហរដ្ឋអាមេរិក បន្ទាប់ពីការធ្វើសមយុទ្ធយោធារួមគ្នាជាច្រើនថ្ងៃរវាងកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក៕



ប្រភព Yonhap ប្រែសម្រួលដោយគីរីដងរែក




