អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានជំរុញឲ្យលោក ប្រាយុទ្ធ ចាន់អូចា ធ្វើរឿងត្រឹមត្រូវ និងចាកចេញពីឆាកនយោបាយដោយសេចក្តីថ្លៃថ្នូរ។
កាលពីសប្តាហ៍មុន តុលាការធម្មនុញ្ញថៃ បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ដោយការព្យួរតំណែងលោក ប្រាយុទ្ធ ខណៈតុលាការកំពុងពិចារណាថាតើ គាត់បានគ្រប់គ្រងហួសអាណត្តិរយៈពេល៨ឆ្នាំ ក្នុងនាមជាមេដឹកនាំប្រទេសដែរឬក៏អត់។
ដែនកំណត់រយៈពេល៨ឆ្នាំនោះ មានបំណងរារាំងមេដឹកនាំជាប់ឆ្នោតដ៏ពីការកាន់អំណាចយូរពេក ជាពិសេសបន្ទាប់ពីកងទ័ព បានធ្វើរដ្ឋប្រហារបណ្តេញលោក ថាក់ស៊ីន ក្នុងឆ្នាំ ២០០៦ និងប្អូនស្រីរបស់គាត់គឺលោកស្រី យីងឡាក់ ក្នុងឆ្នាំ ២០១៤។
អំឡុងកិច្ចពិភាក្សា២សប្តាហ៍ម្តងក្នុងកម្មវិធី Clubhouse, លោក ថាក់ស៊ីន បានប្រាប់មេដឹកនាំរដ្ឋប្រហារឆ្នាំ២០១៤ ឲ្យរៀនសូត្រពីពេលវេលារបស់គាត់ ជានាយករដ្ឋមន្ត្រីនៃប្រទេសថៃ និងចុះចេញពីតំណែង។
លោក ថាក់ស៊ីន និយាយថា “ជឿខ្ញុំទៅលោក ប្រាយុទ្ធ! ខ្ញុំជាបងប្រុសម្នាក់ ដែលបានឆ្លងកាត់រឿងទាំងអស់នេះ ហើយថ្ងៃខាងមុខសម្រាប់អ្នកនឹងមិនរលូនទេ។ ប្រសិនបើតុលាការអនុញ្ញាត អ្នកអាចសប្បាយចិត្តតែនៅថ្ងៃដែលអ្នកដើរត្រលប់មកវិញប៉ុណ្ណោះ ប៉ុន្តែបន្ទាប់មកវាដូចជាធ្លាក់ នរកទាំងរស់អ៊ីចឹង”។
អ្នក នយោបាយ និរទេស ខ្លួនអាយុ៧៣ឆ្នាំ រូប នេះ ជឿ ថា លោក ប្រាយុទ្ធ នឹងប្រឈម មុខ នឹងភាព អាម៉ាស់ ផ្នែក នយោបាយ ប្រសិន បើ លោក មិនចុះចេញ។ លោកថាក់ស៊ីនមិនជឿថា មានសមាជិកព្រឹទ្ធសភា នឹងគាំទ្រលោក ប្រាយុទ្ធ នោះទេ។
លោក ថាក់ស៊ីន បន្ថែមថា ជម្រើសតែមួយគត់ដែលនៅសេសសល់សម្រាប់ព្រឹទ្ធសភា គឺត្រូវបន្តជាមួយនាយករដ្ឋមន្ត្រីចាំផ្ទះ Prawit Wongsuwon ព្រោះ គេមិនអាចតែងតាំងនាយករដ្ឋមន្ត្រីថ្មីបានឡើយ ដោយសារគេនឹងត្រូវការសំឡេងភាគច្រើន ៣ភាគ៤៕




ដោយកីរីដងរែក




