នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវកម្ពុជា បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសទទួលស្គាល់សមាសភាពគណ:កម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តមណ្ឌលគិរី និងពិធីសម្ពោធប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាស្នាក់ការ និងសមិទ្ធផលនានាខេត្តមណ្ឌលគិរី។ អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តម អនុប្រធាន សមាជិក សមាជិកាគណៈអចិន្រ្តៃណ៍ និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាល និងរួមទាំង សមាជិក សមាជិកា សរុបប្រមាណ ៥១៥រូប ។
ជាកិច្ចចាប់ផ្តើមកម្មវិធី ឯកឧត្តម ឈឹម កាន ប្រធានស.ស.យ.ក. ខេត្តមណ្ឌលគិរី បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំ សមាជិកា សមាជិកា ស.ស.យ.ក. ខេត្តមណ្ឌលគិរី និងបានធ្វើរបាយការណ៍សង្ខេបស្ដីពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តមណ្ឌលគិរី ដែលសម្រេចបាននាពេលកន្លងមក តបតាមការចង្អុលបង្ហាញរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក.។
ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តមណ្ឌលគិរី ទាំងអស់ ដែលបានប្រកាន់ខ្ជាប់នូវស្មារតីលះបង់ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពស្ម័គ្រចិត្ត និងការងារមនុស្សធម៌នានា ស្របតាមផែនទីបង្ហាញផ្លូវ និងបុព្វហេតុរបស់ស.ស.យ.ក.។
តាមរយៈសេចក្តីសម្រេចរបស់ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ស្តីពីការតែងតាំងប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ដែលអានដោយ ឯកឧត្តម ហេង សុខណាង សមាជិកគណៈអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការរង។
ឯកឧត្តម គង់ គឹមនី ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការ ស.ស.យ.ក. ខេត្តមណ្ឌលគិរី។
បន្ទាប់ពីទទួលបានការតែងតាំង ឯកឧត្តម គង់ គឹមនី បានបង្ហាញការប្តេជ្ញាចិត្តដោយគោរពអនុវត្តយ៉ាងភ្ជាប់ខ្ជួននូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចនានារបស់ស.ស.យ.ក ស្របតាមផែនការសកម្មភាព និងខិតខំឱ្យអស់ពីសមត្ថភាព ក្នុងការដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តមណ្ឌលគិរី ឱ្យកាន់តែមានភាពរីកចម្រើន និងទទួលបានជោគជ័យតទៅមុខទៀតផងដែរ។








គិរីដងរែក




