នារសៀលថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ រួមជាមួយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យជាក់ស្តែងបន្ថែមទៀតនូវស្ថានភាពច្រាំងតាមដងទន្លេមេគង្គដែលរងការបាក់ស្រុត ក្នុងភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
សូមជម្រាបថា ច្រាំងទន្លេមេគង្គស្ថិតនៅក្នុងភូមិសាស្ត្រខាងលើ បានរងការបាក់ស្រុតកាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។ ជាកិច្ចអន្តរាគមន៍បន្ទាន់ ឯកឧត្តមរដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេមេគង្គជាបន្តបន្ទាប់ទៀត ដោយបានប្រើប្រាស់បាវខ្សាច់(GeoTextile)។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យក្រុមការងារបច្ចេកទេសធ្វើការសិក្សាលម្អិតពីស្ថានភាពច្រាំងទន្លេនេះ ដោយសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដើម្បីឱ្យការអនុវត្តគម្រោងសាងសង់ច្រាំងទន្លេប្រកបដោយគុណភាពរឹងមាំយូរអង្វែង និងមានសោភ័ណភាព សម្រាប់ការប្រើប្រាស់ពហុបំណង និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម៕








ដោយគិរីដងរែក




