កំពង់ធំះ នៅព្រឹកថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន តំណាងលោក នួន ផារ័ត្ន អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ ស្វែងយល់ពីជីវភាពរស់នៅ និងឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ជូនដល់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជន ដែលទើបទទួលបានផ្ទះ និងមករស់នៅថ្មី នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ធិបតី នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង កន្លងទៅនេះសម្ដេចតេជោ ធិបតី តាមរយលោក នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានសាងសង់ផ្ទះប្រគល់ជូនបងប្អូនអតីតយុទ្ធជនចំនួន ២៤១ ខ្នងផ្ទះ ដែលបច្ចុប្បន្នមានក្រុមគ្រួសារអតីតយុទ្ធជនបានមករស់នៅចំនួន២៦៩គ្រួសារ ហើយក្នុងនោះ មានបងប្អូនអតីតយុទ្ធជនដែលទើបមករស់នៅថ្មីមានចំនួន ៣៥ គ្រួសារ ដែលទើបបានធ្វើការប្រគល់ជូនពួកគាត់នៅថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២៦ កន្លងទៅថ្មីៗនេះ ស្ថិតក្រោមអធិបតីភាព លោក នួន ផារ័ត្ន អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់បន្ថែមទៀតថា បងប្អូនអតីតយុទ្ធជនទាំង ចំនួន ៣៥ គ្រួសារដែលទើបនឹងរស់នៅថ្មី មានបងប្អូនក្រុមគ្រួសារអតីតយុទ្ធជនមួយចំនួន មានជីវភាពលំបាកខ្វះខាត ដោយពួកគាត់មានកូនច្រើននាក់នៅក្នុងបន្ទុក ហើយបងប្អូនមួយចំនួនទៀត មានជំងឺប្រចាំកាយដោយសារវ័យចំណាស់ និងរបួសក្នុងសម័យសង្គ្រាមសើរើ ហើយរស់នៅឆ្ងាយពីមន្ទីរពេទ្យ ដូច្នេះត្រូវការចំណាយថវិកាក្នុងការធ្វើដំណើរទៅកាន់មន្ទីរពេទ្យ និងត្រូវព្យាបាលជំងឺផ្ទាល់ខ្លួននៅគេហដ្ឋាន ហើយជាមួយនេះផងដែរ ក្នុងរយៈពេលកន្លងទៅនេះ ភ្លៀងបានបន្តធ្លាក់មកជាប់ជាប្រចាំ មិនអាចឲ្យពួកគាត់ទៅប្រកបការងារប្រចាំថ្ងៃ ដើម្បីដោះស្រាយជីវភាពគ្រួសារបាន ដេីម្បីគួបផ្សំនិងប្រាក់បៀវត្សដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនបងប្អូនអតីតយុទ្ធជនដែលទើបមករស់នៅថ្មី ហើយមានជីវភាពលំបាកខ្វះខាតខ្លាំង ចំនួន ១០ គ្រួសារ ក្នុងចំណោម ៣៥ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ២៥ គីឡូក្រាម មីជាតិចំនួន មួយកេស ទឹកត្រីទឹកស៊ីអ៊ីវចំនួនពីរយូរ និងត្រីខកំប៉ុងចំនួន មួយយួរ ផងដែរ។


ដោយសំនៀង គិរីដងរែក




