
នៅថ្ងៃទី០៦-០៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអមដំណើរពី ឯកឧត្តម សុខ វិសាល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិវឌ្ឍន៍ដំណាំស្រូវ អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ មន្ទីរកសិកម្មខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ មន្ត្រីកសិកម្មឃុំ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យ និងវាយតម្លៃផ្ទាល់អំពីស្ថានភាពដំណាំស្រូវ ក្នុងភូមិសាស្ត្រស្រុកសង្កែ ខេត្តបាត់ដំបង និងស្រុកបាកាន ព្រមទាំងស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
បេសកកម្មចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងវាយតម្លៃលើលទ្ធផលជាក់ស្តែង បន្ទាប់ពីក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានធ្វើការអន្តរាគមន៍បូមទឹកសង្គ្រោះ ជាបន្តបន្ទាប់ ស្របពេលដែលមានរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបន្ថែមនាពេលកន្លងមក។
ជាលទ្ធផលនៃការចុះពិនិត្យលើទីវាលជាក់ស្តែងបានបង្ហាញថា ការស្តារឡើងវិញ៖ ផ្ទៃដីស្រូវដែលទទួលរងផលប៉ះពាល់កន្លងមក បាននិងកំពុងលូតលាស់ រស់រវើកឡើងវិញប្រមាណជាង៦០% នៃផ្ទៃដីសរុប។ ចំពោះផ្ទៃដីស្រូវដែលរងការខូចខាតទាំងស្រុង គឺដោយសារទីតាំងស្រែស្ថិតនៅឆ្ងាយពីប្រភពទឹក ដែលជាហេតុធ្វើឱ្យក្រុមការងារ មិនអាចអន្តរាគមន៍បូមទឹកសង្គ្រោះបានទាន់ពេលវេលា។
ជារួមតាមរយៈការអន្តរាគមន៍ទាន់ពេលវេលាពីក្រសួងកសិកម្ម ក្រសួងធនធានទឹក និង ឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរពាក់ព័ន្ធ ស្រូវនៅតាមតំបន់មួយចំនួនត្រូវបានប្រជា កសិកររៀបចំស្តារ និងស្តារឡើងវិញជាបណ្តើរៗហើយ។ ដោយឡែកចំពោះតំបន់មួយចំនួនទៀតដែលខកខាន នឹងត្រូវរង់ចាំរហូតដល់ចុងរដូវវស្សា ទើបអាចចាប់ផ្តើមបង្កបង្កើនផលឡើងវិញជាថ្មីម្ដងទៀត៕






គិរីដងរែក




