(កំពង់ធំ) ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៦ ដោយទទួល បានការចង្អុលបង្ហាញពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធាន ក្រុម ប្រឹក្សា ភិបាល នៃ វេទិកា សម្ព័ន្ធ សង្គម ស៊ីវិល លោក ជា មុនីឫទ្ធិ ប្រធាន នាយកដ្ឋាន ផែន ការ និង គម្រោង បានចុះទៅពិនិត្យវឌ្ឍនភាពនៃសកម្មភាពសាងសង់របងពីឥដ្ឋដែលមានបណ្តោយប្រវែងសរុប១៣០ម៉ែត្រនិងកម្ពស់២ម៉ែត្រនៅសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន្ត ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោកស្រី កែវ វណ្ណា នាយកាសាលាមត្តេយ្យបានរំលេចថា នៅក្នុងបរិបទដែលកម្ពុជាកំពុងផ្តោតសំខាន់លើការអភិវឌ្ឍធនធានមនុស្ស ការអប់រំកុមារតូចត្រូវបានចាត់ទុកថា ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការកសាងសង្គមមានគុណភាព និងប្រកបដោយចីរភាព។ ក្នុងន័យនេះ អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធាន ក្រុម ប្រឹក្សា ភិបាល នៃ វេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្នុងការគាំទ្រដល់ការអភិវឌ្ឍរបស់មត្តេយ្យសហគមន៍ភូមិគីរីវ័ន្ត តាមរយៈការជួយសាងសង់របងព័ទ្ធជុំវិញសាលាមត្តេយ្យ មិនត្រឹមជាសកម្មភាពសប្បុរសធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីទស្សនវិស័យរបស់ឯកឧត្តមប្រធានលើការអភិវឌ្ឍមូលដ្ឋាន។

ថ្លែងនូវការវាយតម្លៃខ្ពស់ចំពោះគម្រោងដ៏ថ្លៃថ្លានេះ លោក ចាប ទី មេភូមិគិរីវ័ន្ត បានមានប្រសាសន៍ថា ការសាងសង់របងព័ទ្ធជុំវិញសាលាមត្តេយ្យ អាចមើលទៅជាហេដ្ឋារចនាសម្ព័ន្ធតូចមួយ ប៉ុន្តែមានអត្ថន័យយ៉ាងធំសម្រាប់សុវត្ថិភាព និងបរិយាកាសសិក្សារបស់កុមារ។ របងសាលា គឺជាផ្នែកមួយដែលជួយការពារកុមារពីគ្រោះថ្នាក់ផ្សេងៗ ដូចជាសត្វចិញ្ចឹម យានយន្ត ឬហានិភ័យពីខាងក្រៅ ហើយក៏ជួយបង្កើតបរិយាកាសរៀបរយ ស្អាត និងមានសុវត្ថិភាពសម្រាប់ការលូតលាស់របស់កុមារ។
លោក ចាប ធីន មេឃុំ កកោះបានថ្លែងដោយក្តីរីករាយថា តាមទស្សនៈអភិវឌ្ឍន៍ឃុំ សកម្មភាពនេះបានបង្ហាញពីតួនាទីសំខាន់របស់សង្គមស៊ីវិលក្នុងការបំពេញបន្ថែមលើកិច្ចការរបស់រដ្ឋបាលឃុំកកោះ។ លោកបន្ថែមថា វេទិកាសម្ព័ន្ធសង្គមស៊ីវិល មិនត្រឹមតែផ្តល់ជាជំនួយផ្នែកសំណង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតវប្បធម៌ “ការចូលរួបរួមគ្នា” រវាងសហគមន៍ អាជ្ញាធរ និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល។

លោក ជា មុនីឫទ្ធិ បានជម្រាបថា ការគាំទ្ររបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលពិតជាបានឆ្លុះបញ្ចាំងពីការួមចំណែករបស់សង្គមស៊ីវិលចំពោះគោលនយោបាយអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការកសាងមូលធនមនុស្សសម្រាប់អនាគត។
លោកបានបន្ថែមទៀត ថា សកម្មភាពនៅសហគមន៍ភូមិគីរីវ័ន្ត ក៏ជាគំរូល្អមួយសម្រាប់សហគមន៍ផ្សេងៗក្នុងពេលសង្គមស៊ីវិល អាជ្ញាធរ និងប្រជាពលរដ្ឋ អាចរួមគ្នាដោះស្រាយបញ្ហាតូចៗនៅមូលដ្ឋាន នោះការអភិវឌ្ឍនឹងមិនមែនជារឿងឆ្ងាយពីប្រជាជនទៀតឡើយ ប៉ុន្តែជាការអភិវឌ្ឍដែលកើតចេញពីការចូលរួម និងភាពជាម្ចាស់របស់សហគមន៍ផ្ទាល់។

ជារួម ការបន្តជ្រោមជ្រែងរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្នុងការសាងសង់របងព័ទ្ធជុំវិញមត្តេយ្យសហគមន៍ភូមិគីរីវ័ន្ត គឺជាសកម្មភាពតូចដែលមានអត្ថន័យធំ។ វាបានបង្ហាញថា ការអភិវឌ្ឍប្រកបដោយចីរភាព មិនចាប់ផ្តើមពីគម្រោងធំៗប៉ុណ្ណោះទេ ប៉ុន្តែចាប់ផ្តើមពីការយកចិត្តទុកដាក់លើសុវត្ថិភាព និងអនាគតរបស់កុមារតូចនៅមូលដ្ឋាន៕


ដោយគិរីដងរែក




