(ព្រះវិហារ)៖ សហគមន៍ព្រៃឈើចំនួន១៤ មកពីខេត្តព្រះវិហារ និងខេត្តកំពង់ធំ បានចូលរួមទស្សនកិច្ចសិក្សានៅសហគមន៍តំបន់ការពារធម្មជាតិជាំពេន ស្ថិតនៅភូមិបង្កើនផល ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ក្នុងគោលបំណងសិក្សា និងដកស្រង់បទពិសោធន៍ល្អៗពីការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ដើម្បីយកទៅអនុវត្តនៅសហគមន៍របស់ខ្លួន។ លោកស្រី យន់ សេងហ័រ ប្រធានកម្មវិធីអភិបាលកិច្ចល្អ និងយេនឌ័រ របស់អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) តំណាងឱ្យលោក សោម សុភ័ក្រ ប្រធានអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍( AFD) បានដឹកនាំបុគ្គលិក និងសហគមន៍ចំនួន១៤ អញ្ជើញមកពីខេត្តព្រះវិហារ និងខេត្តកំពង់ធំចូលរួមទស្សនកិច្ចសិក្សានៅសហគមន៍តំបន់ការពារធម្មជាតិជាំពេន។

តាមការលើកឡើងរបស់ប្រធានសហគមន៍ជាំពេន សហគមន៍ដែលមានប្រជាពលរដ្ឋជនជាតិដើមភាគតិចកួយចូលរួមយ៉ាងសកម្មក្នុងការថែរក្សាធនធានធម្មជាតិ។ ប្រភពព័ត៌មានសាធារណៈកន្លងមកក៏បានបញ្ជាក់ថា សហគមន៍ជាំពេនមានការចូលរួមរបស់ជនជាតិដើមភាគតិចកួយ និងបានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ដើម្បីចុះល្បាតការពារព្រៃឈើជាប្រចាំ។ លោកស្រី យន់ សេងហ័រ ប្រធានកម្មវិធីអភិបាលកិច្ចល្អ និងយេនឌ័រ របស់អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) បានឱ្យដឹងថា ការរៀបចំទស្សនកិច្ចនេះ មានសារៈសំខាន់ក្នុងការផ្តល់ឱកាសដល់តំណាងសហគមន៍ទាំង១៣ បានជួបពិភាក្សា ផ្លាស់ប្តូរចំណេះដឹង និងសិក្សាពីបទពិសោធន៍ជាក់ស្តែងរបស់សហគមន៍ជាំពេន ដែលមានបទពិសោធន៍ក្នុងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ។

លោកស្រីបានបញ្ជាក់បន្ថែមទៀតថា ក្នុងអំឡុងទស្សនកិច្ចនេះ អ្នកចូលរួមបានស្វែងយល់ពីប្រវត្តិការបង្កើតសហគមន៍ របៀបរៀបចំ និងគ្រប់គ្រងសហគមន៍ ការចូលរួមរបស់ប្រជាពលរដ្ឋ ព្រមទាំងការការពារព្រៃឈើ និងធនធានធម្មជាតិ។ ការផ្លាស់ប្តូរបទពិសោធន៍នេះ ត្រូវបានរំពឹងថា នឹងជួយឱ្យសហគមន៍ដែលចូលរួមទស្សនកិច្ច អាចយកចំណុចល្អៗទៅកែសម្រួល និងអនុវត្តឱ្យសមស្របទៅនឹងបរិបទរបស់ខ្លួន។
លោកស្រី យន់ សេងហ័រ ប្រធានកម្មវិធីអភិបាលកិច្ចល្អ និងយេនឌ័រ របស់អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) បាត់គូសបញ្ជាក់ថា ការអភិរក្សធម្មជាតិ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ គឺជាកត្តាសំខាន់មួយសម្រាប់ធានានិរន្តរភាពសហគមន៍។ កន្លងមកសហគមន៍ជាំពេនក៏ធ្លាប់ទទួលបានការគាំទ្រផ្នែកជីវភាព តាមរយៈការផ្តល់ពូជសត្វចិញ្ចឹមពីក្រសួងបរិស្ថានផងដែរ។ទស្សនកិច្ចសិក្សានេះ គឺជាឱកាសសម្រាប់សហគមន៍ទាំង១៤ បង្កើនការយល់ដឹង ផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហការគ្នា ដើម្បីរួមចំណែកការពារ អភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ការគ្រប់គ្រងសហគមន៍ឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព។
សូមបញ្ជាក់ផងដែរថា សហគមន៍តំបន់ការពារធម្មជាតិជាំពេន ស្ថិតនៅភូមិបង្កើនផល ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ បង្កើតឡើងឆ្នាំ២០០០ ប្រកាសទទួលស្គាល់ពីក្រសួងបរិស្ថាន ឆ្នាំ២០១០ លើផ្ទៃដី៣៤២២ហិតា សមាជិកគ្រួសារ២៣៤ស្មើនឹង៨៧៤នាក់ ស្រ្តី៤៥២នាក់ ៩៥%ជាជនជាតិដើមភាគតិចកួយ។ សហគមន៍ដែលអញ្ជើញចូលរួមមាន១៤សហគមន៍ មកពីខេត្តព្រះវិហារចំនួន៨សហគមន៍ និងខេត្តកំពង់ធំចំនួន៦សហគមន៍ផងដែរ៕


















ដោយ លោកសំនៀង គិរីដងរែក




