26.5 C
Phnom Penh
Thursday, July 9, 2026
- Advertisement -spot_img

ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល

- Advertisement -spot_img


‎​(តាកែវ)៖ នៅក្នុងវេទិកាសាធារណៈមួយដែលបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ នារដ្ឋបាលឃុំដូង ស្រុកបាទី ខេត្តតាកែវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រួមជាមួយអាជ្ញាធរដែនដី បានបង្ហាញពីសមិទ្ធផលការងារយ៉ាងរឹងមាំ ដែលឆ្លុះបញ្ចាំងពីការចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ វេទិកាសាធារណៈនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដូង ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្រុក ឃុំ ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋសរុបប្រមាណ ៤៧៤រូប។

សមិទ្ធផលមូលដ្ឋាន ឆ្លើយតបមុំយុទ្ធសាស្ត្រជាតិ នៅក្នុងឱកាសនោះ លោក ណុប ទូច មេឃុំដូង បានរាយការណ៍ពីវឌ្ឍនភាពទូទៅនៅក្នុងឃុំ ដែលបង្ហាញពីការរីកចម្រើនយ៉ាងច្បាស់លាស់លើវិស័យសំខាន់ៗជាច្រើនស្របទៅនឹងស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ រួមមាន៖ ការកសាង និងកែលម្អផ្លូវថ្នល់ ព្រមទាំងប្រព័ន្ធគាំទ្រនានា ដែលជួយសម្រួលដល់ការរស់នៅ និងការប្រកបរបរចិញ្ចឹមជីវិតរបស់ពលរដ្ឋ។ ការពង្រឹងគុណភាពវិស័យអប់រំ សុខាភិបាល និងអនាម័យនៅតាមសហគមន៍។
ជាក់ស្តែង ការលេចរូបរាងឡើងនៃ «គម្រោងភូមិគំរូមិត្តភាព ភូមិតានន» ក្រោមការឧបត្ថម្ភពីមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ ដែលជាគំរូនៃការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព។
‎​
‎​ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ដួង វិរ័ត្ន បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង និងវាយតម្លៃខ្ពស់ចំពោះសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំង ៨ភូមិ នៃឃុំដូង ដែលបានខិតខំបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈក្នុងការបម្រើប្រជាពលរដ្ឋ។

‎​«វេទិកាសាធារណៈ គឺជាយន្តការដ៏មានសារៈសំខាន់ក្នុងការពង្រឹងអភិបាលកិច្ចល្អ បង្កើនតម្លាភាព គណនេយ្យភាព និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការអភិវឌ្ឍមូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល»។ ឯកឧត្តមក៏បានរំលឹកផងដែរពីការប្រកាន់ខ្ជាប់នូវគោលការណ៍ «មិនទុកនរណាម្នាក់ចោល» និងបានលើកទឹកចិត្តឱ្យរដ្ឋបាលឃុំដូង បន្តពង្រឹងកិច្ចសហការជាប្រចាំជាមួយដៃគូអភិវឌ្ឍ ដើម្បីទាក់ទាញធនធាន និងគម្រោងថ្មីៗបន្ថែមទៀត។
‎​
‎​ជាទីបញ្ចប់ ឯកឧត្តមប្រធានក្រុមការងារបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ក្រុមការងារ ដៃគូអភិវឌ្ឍ និងប្រជាពលរដ្ឋទាំងអស់ បន្តរក្សាសាមគ្គីភាព និងពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ដើម្បីបន្តអនុវត្តកម្មវិធីអភិវឌ្ឍន៍នានាឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ ធានាបាននូវការរីកចម្រើននៅថ្នាក់ក្រោមជាតិ ដើរទន្ទឹមគ្នាយ៉ាងពិតប្រាកដជាមួយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img