32.2 C
Phnom Penh
Thursday, August 20, 2026
- Advertisement -spot_img

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា លើវិស័យបរិស្ថានរវាងក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងបរិស្ថាន

- Advertisement -spot_img

នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យបរិស្ថាន ជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្ដីពីកិច្ចសហប្រតិបត្តិការលើការដាំដើមឈើ ការការពារតំបន់ទីជម្រាល និងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ នៅសាលប្រជុំនៃទីស្ដីការក្រសួងបរិស្ថាន។

នៅក្នុងឱកាសនោះ ក៏មានវត្តមានឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃអាជ្ញាធរមីន និងឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងបរិស្ថាន និងអាជ្ញាធរមីន និងរវាងក្រសួងបរិស្ថាន និងក្រសួងធម្មការ និងសាសនា ផងដែរ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមីន ជាច្រើនរូប។


សូមបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ក្នុងការជំរុញការដាំដើមឈើ ការការពារតំបន់ទីជម្រាល ការស្តារប្រព័ន្ធអេកូឡូស៊ី និងការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព ព្រមទាំងដើម្បីលើកកម្ពស់និរន្តរភាពបរិស្ថាន សន្តិសុខទឹក ការអភិរក្សជីវៈចម្រុះ និងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ស្របតាមយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អព្យាក្រឹតកាបូននៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការកសាងកម្ពុជាស្អាត បៃតង និងចីរភាព តាមរយៈការការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព ការបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍដែលមានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទាប៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img