32 C
Phnom Penh
Monday, February 10, 2025
- Advertisement -spot_img

អតីតបុគ្គលិកណាហ្គាជាង២០០នាក់ ហើយព្រមទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ

- Advertisement -spot_img

រហូតមកដល់ពេលនេះមានអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ប្រមាណជាង២០០នាក់ហើយបានយល់ព្រមទទួលយកការទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចុះនៅយប់ថ្ងៃទី០២កក្កដាបានឱ្យដឹងថា នាពេលកន្លងមក មានបងប្អូនអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ មួយចំនួនបានគោរពស្នើសុំ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យជួយអន្តរាគមន៍ ក្រុមហ៊ុនផ្តល់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារស្របតាមច្បាប់ស្តីពីការងារ ចំពោះបងប្អូនអតីតបុគ្គលិកដែល ត្រូវបានបញ្ឈប់ពីការងារនិងស្វែងរកឱកាសការងារថ្មីដើម្បីទទួលបានប្រាក់ចំណូលទៀងទាត់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

ការិយាល័យអ្នកនាំពាក្យបានបន្តថា អនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម មន្ត្រីជំនាញរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើការពិនិត្យផ្ទៀងផ្ទាត់ការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយតំណាងក្រុមហ៊ុនហើយពិនិត្យឃើញថា ការទាត់ចំនួន ៤ចំណុច គឺបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងការបញ្ឈប់ពីការងាររួម។

ការិយាល័យអ្នកនាំពាក្យបានបន្តទៀតថាគិតត្រឹមនៅថ្ងៃទី០២ខែកក្កដាឆ្នាំ២០២២នេះ មានអតីតបុគ្គលិកណាហ្គាវើលដ៍ ចំនួន៤នាក់បន្ថែមទៀត បានយល់ព្រមទទួលយកការទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុនរួចហើយ។ ដូចនេះ គិតមកដល់ថ្ងៃទី០២កក្កដានេះ មានអតីតបុគ្គលិកសរុបចំនួន២០៥នាក់ នៅក្នុងចំណោម ៣៧៣នាក់ដែលបានទទួលយកនូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ ដែលធ្វើឱ្យចំនួនអតីត បុគ្គលិកដែលមិនព្រមទទួលយកសំណងនៅសល់ត្រឹម ១៦៨នាក់។

ចំណែកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលប្រវត្តិរូប សង្ខេបពីអតីតបុគ្គលិកទាំងនោះ ហើយក៏បាននិងកំពុងជួយស្វែងរកឱកាសការងារថ្មីសម្រាប់បងប្អូនអតីតបុគ្គលិកផងដែរ។

គួរបញ្ជាក់ថារហូតមកដល់ពេលនេះវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍នៅមិនទាន់មានដំណោះស្រាយនៅឡើយទេដោយសារភាគីសហជីពនិងក្រុមហ៊ុននៅតែប្រកាន់ជំហរតឹងរ៉ឹងរៀងៗខ្លួន៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img