ភ្នំពេញ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងជាស្ថាបនិកគម្រោង «បណ្ណាល័យមេគង្គ-ឡានឆាង» នៅកម្ពុជា បានលើកឡើងថា ការកែលម្អបរិស្ថានសិក្សា និងការបង្កើតបណ្ណាល័យនៅតាមសាលារៀន គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការជំរុញវប្បធម៌អំណាន និងការកសាងមូលធនមនុស្សសម្រាប់អភិវឌ្ឍប្រទេសជាតិ។លោកបណ្ឌិតបានគូសបញ្ជាក់ថា ដោយមិនរាប់បញ្ចូលនូវជំនួយដ៏ច្រើនសន្ធឹកសន្ធាប់របស់ស្ថានទូតចិនប្រចាំកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នផ្សេងៗទៀតនោះទេ តាមរយៈសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មានសាលាបឋមសិក្សាចំនួន ៥ បាននិងកំពុងក្លាយជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងការទទួលបានការគាំទ្រលើការកែលម្អបរិស្ថានសិក្សា និងបរិក្ខារអប់រំ។
សាលាបឋមសិក្សាទាំង ៥ នោះរួមមាន៖ ១. សាលាបឋមសិក្សាប្រសូត (ស្រុកបាធាយ ខេត្តកំពង់ចាម)២. សាលាបឋមសិក្សាតានី (ក្រុងរុនតាឯក ខេត្តសៀមរាប) ៣. សាលាបឋមសិក្សាគីរីបរវង្ស (ខេត្តពោធិ៍សាត់) ៤. សាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន ឃ្មួញ (រាជធានីភ្នំពេញ) និង៥. សាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង (ខេត្តកណ្ដាល)។លោកបណ្ឌិត ជា មុនីឫទ្ធិ បានបន្ថែមថា សាលាបឋមសិក្សាទាំង ៥ នេះ មានទីតាំង «បណ្ណាល័យមេគង្គ-ឡានឆាង» ឬ «បណ្ណាល័យមិត្តភាពកម្ពុជា-ចិន» ដែលបាននិងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់វប្បធម៌អំណាន និងបង្កើនឱកាសទទួលបានចំណេះដឹងទូលំទូលាយសម្រាប់សិស្សានុសិស្ស។លោកបណ្ឌិតបានសង្កត់ធ្ងន់ថា៖ «បរិយាកាសសិក្សាស្អាត និងមានបណ្ណាល័យដែលគួរឱ្យទាក់ទាញ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយជំរុញឱ្យសិស្សស្រឡាញ់ការអាន មានចំណង់ចំណូលចិត្តរៀនសូត្រ និងបង្កើនចំណេះដឹង ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការរួមចំណែកលើកកម្ពស់គុណភាពអប់រំ និងកសាងមូលធនមនុស្សសម្រាប់កិច្ចកសាងទំនើបកម្មសង្គមរបស់កម្ពុជា»៕





ដោយគិរីដងរែក




