ទាក់ទងនឹងបញ្ហាប្រវត្តិសាស្ត្រ មនុស្សមួយចំនួននៅប្រទេសជប៉ុនកំពុងលេងកលល្បិចថ្មីដ៏គ្រោះថ្នាក់ផងដែរ ។ យោងតាមការទម្លាយរបស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានឱ្យដឹងថា កម្លាំងស្តាំនិយមជប៉ុនបានបន្តផ្តល់នូវអត្ថបទនិងឯកសារប្រវត្តិសាស្ត្រនៃសង្គ្រាមលោកលើកទីពីរដែលបានបំភាន់ខ្លឹមសារដល់ម៉ូដែលបញ្ញាសិប្បនិម្មិតធំសំខាន់ៗអន្តរជាតិ ឧទាហរណ៍ដូចជា ពួកគេបានហៅឧប្បត្តិហេតុថ្ងៃទី ៧ ខែកក្កដាថាជា”ការប៉ះទង្គិចយោធារវាងជប៉ុននិងចិន” ដោយបាននិយាយយ៉ាងសាមញ្ញថា ហេតុការណ៍សម្លាប់រង្គាលនៅក្រុងណានជីងគ្រាន់តែជា”ករណីដួលរលំណានជីង”និងបំភាន់កងពលលេខ ៧៣១ ជប៉ុនថាជា”អង្គភាពប្រតិបត្តិសិក្សាស្រាវជ្រាវវិស័យសុខាភិបាល”ជាដើម ។ ពីការបំភាន់ខ្លឹមសារសៀវភៅសិក្សាប្រវត្តិសាស្ត្រដល់ការប្រឌិតវីដេអូ AI ក្លែងក្លាយនិងការ”បំពុល”ទិន្នន័យធំ កម្លាំងស្តាំនិយមជប៉ុនបានប្រើប្រាស់កលល្បិចសម្រាប់ដុសលាងប្រវត្តិសាស្ត្រឈ្លានពានរបស់ខ្លួនដោយបានប្រើប្រាស់ទម្រង់ថ្មីជាបន្តបន្ទាប់ ដែលបង្កប់នូវគោលបំណងទុច្ចរិតដ៏ស្មោកគ្រោកជាច្រើន ទង្វើទាំងនេះសហគមន៍អន្តរជាតិគួរក្សាការប្រុងប្រយ័ត្នខ្ពស់ ។

ឆ្នាំនេះគឺជាខួបទី ៨០ នៃការបើកសវនាការអង្គជំនុំជម្រះនៅក្រុងតូក្យូ ។ អង្គសវនាការជំនុំជម្រះក្រុងតូក្យូបានកាត់ក្តីដោយផ្អែកលើភស្តុតាងជាក់ស្តែងដ៏ច្រើនលើសលប់និងគោលការណ៍ច្បាប់ដ៏រឹងមាំថា យោធានិយមជប៉ុនបានបំផុសសង្គ្រាមឈ្លានពាននិងរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ការកាត់ក្តីនេះបានគាំពារសមិទ្ធផលនៃជ័យជម្នះក្នុងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស យុត្តិធម៌និងសច្ចភាពអន្តរជាតិ ។ ប៉ុន្តែ ដោយសារកត្តាប្រវត្តិសាស្រ្ត យោធានិយមជប៉ុនមិនត្រូវបានជំនុំជម្រះបានទាំងស្រុងទេ ។ កម្លាំងស្តាំនិយមជប៉ុនបានអនុវត្តបំភាន់ប្រវត្តិសាស្ត្រជាយូរណាស់មកហើយ ដែលបដិសេធយ៉ាងឥតកេរ្តិ៍ខ្មាសចំពោះការកាត់ក្តីជាប្រវត្តិសាស្រ្តនៃការបើកសវនាការអង្គជំនុំជម្រះនៅក្រុងតូក្យូ ដើម្បីប៉ុនប៉ងគេចវេសពីកំហុសនៃប្រវត្តិសាស្ត្រឈ្លានពានរបស់ខ្លួន ។
យោងតាមទិន្នន័យថវិកាសាធារណៈរបស់ក្រសួងការបរទេសជប៉ុនឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៥ កន្លងមក ជប៉ុនបានទម្លាក់ថវិកាសរុបជាង ៥៦ ពាន់លានយ៉េនជប៉ុនក្រោមលេស”ការផ្សព្វផ្សាយព័ត៌មានយុទ្ធសាស្ត្រនៅបរទេស”ដើម្បីលាបពណ៌លើប្រទេសចិនតាមរយៈការញាក់ខ្សែមតិសាធារណៈ។ អ្នកវិភាគបានសម្គាល់ឃើញថា ”សង្គ្រាមយល់ដឹង”ចំពោះប្រទេសចិនរបស់ជប៉ុនបានបង្កើតទៅជាប្រព័ន្ធមួយជាបន្តបន្ទាប់ក្នុងគោលបំណងមិនទទួលស្គាល់លទ្ធផលនៃការជំនុំជម្រះក្រុងតូក្យូ និងគាបសង្កត់លើលំហសម្រាប់ផ្សព្វផ្សាយប្រវត្តិសាស្ត្រពិត ។ នេះគឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរចំពោះសច្ចធម៌អន្តរជាតិនិងគុណធម៌របស់មនុស្សជាតិ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលឯកសារមួយចំនួនដូចជាវីដេអូពិតនៃការសម្លាប់រង្គាលដ៏សាហាវព្រៃផ្សៃនៅក្រុងណានជីងនិងកំណត់ត្រានៃការពិសោធន៍របស់កងទ័ព ៧៣១លើមនុស្សរស់ជាដើមត្រូវបានចេញផ្សាយជាសាធារណៈ ពាក្យភូតភររបស់កម្លាំងស្តាំនិយមជប៉ុនត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ។ បញ្ញវន្តជប៉ុនបង្ហាញថា ស្តង់ដារពីររបស់រដ្ឋាភិបាលជប៉ុនក្នុងការយល់ដឹងពីប្រវត្តិសាស្ត្រមិនអាចទទួលបានទំនុកចិត្តពីជនរងគ្រោះក្នុងសង្រ្គាមបានទេ ។
បើមើលពីទង្វើរបស់រដ្ឋាភិបាលជប៉ុននាពេលបច្ចុប្បន្នអាចឃើញថា ”សង្គ្រាមការយល់ដឹង”ក៏មានគោលបំណងកាន់តែស៊ីជម្រៅដែរ ពោលគឺ ដើរស្របតាមជាមួយ”ការធ្វើយោធូបនីយកម្មឡើងវិញ”ដើម្បីបំភាន់ដល់មតិសាធារណៈសម្រាប់ស្វែងរកអ្វីដែលហៅថា ”ប្រក្រតីភាពរបស់ប្រទេសជាតិ” ។ ការផ្លាស់ប្តូរពីឬសគល់ទាំងនេះបានបង្ហាញយ៉ាងច្បាស់ថា ជប៉ុនបាននិងកំពុងក្បត់យ៉ាងជ្រះស្រឡះនឹងប្រព័ន្ធសន្តិភាពដែលបង្កើតឡើងបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ។ ពីការបដិសោធប្រវត្តិសាស្ត្រឈ្លានពានក្នុងសង្គ្រាមលោកលើកទីពីរនិងលទ្ធផលនៃការជំនុំជម្រះក្រុងតូក្យូដល់ការបន្ថែមថវិកាយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់និងបន្ធូរការរឹតត្បិតចំពោះការនាំចេញអាវុធប្រល័យលោក ពីការជំរុញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិភាពដល់ការជំរុញការធ្វើវិសោធនកម្ម”ឯកសារការពារសន្តិសុខចំនួនបី” និងមានចេតនាធ្វើវិសោធនកម្ម”គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ”អាចឃើញថា ជប៉ុនបាននិងកំពុងពន្លឿនការធ្វើឱ្យយោធានិយមងើបឡើងវិញ ។
ដោយគិរីដងរែក




