37.3 C
Phnom Penh
Saturday, September 5, 2026
- Advertisement -spot_img

សង្គមស៊ីវិលកម្ពុជា-ចិន ជំរុញការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍសកលពីមូលដ្ឋាន

- Advertisement -spot_img

(ជីណាន សានទុង)៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានលើកឡើងថា ការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍសកល គួរចាប់ផ្តើមពីតម្រូវការជាក់ស្តែងរបស់ប្រជាជន និងផ្តោតលើការបង្កើតផលប្រយោជន៍ដែលអាចមើលឃើញនៅមូលដ្ឋាន។

ការលើកឡើងនេះធ្វើឡើងក្នុងឱកាសលោកបណ្ឌិតចូលរួម វេទិកា APEC ក្នុងក្របខណ្ឌសង្គមស៊ីវិល កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅក្រុងជីណាន ខេត្តសានទុង ប្រទេសចិន ក្រោមប្រធានបទ «មាគ៌ាឆ្ពោះទៅការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍសកល»

លោកបណ្ឌិត ជា មុនីឫទ្ធិ បានស្នើឱ្យសង្គមស៊ីវិលកម្ពុជា-ចិន ពង្រឹងកិច្ចសន្ទនា និងសហការគ្នារៀបចំគម្រោងដែលឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន ជាពិសេសនៅតាមមូលដ្ឋាន។

«យើងត្រូវបម្លែងការសន្ទនាទៅជាកិច្ចសហការ បម្លែងកិច្ចសហការទៅជាគម្រោង ហើយបម្លែងគម្រោងទៅជាផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន»

លោកបានផ្តោតលើ ៤ ទិសដៅសំខាន់ៗ

ទី១ ពង្រឹងកិច្ចសន្ទនារវាងសង្គមស៊ីវិលកម្ពុជា-ចិន ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ដែលផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៅមូលដ្ឋាន។

ទី២ ពង្រឹងកិច្ចសហការលើការបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញបច្ចេកទេស និងភាសាចិន ព្រមទាំងកែលម្អបណ្ណាល័យនៅតាមសាលាបឋមសិក្សា ដើម្បីលើកកម្ពស់វប្បធម៌អាន និងការរៀនសូត្ររបស់កុមារ។

ទី៣ រួមគ្នាបង្កើនឱកាសសម្រាប់យុវជនកម្ពុជា តាមរយៈអាហារូបករណ៍ ការបណ្តុះបណ្តាល និងឱកាសការងារ ដើម្បីឱ្យយុវជនមានចំណេះដឹង ជំនាញ និងបទពិសោធន៍សម្រាប់អនាគត។

ទី៤ បង្កើតវេទិកាឌីជីថលដែលភ្ជាប់ សហគ្រិនភាពជាមួយទីផ្សារ ដើម្បីជួយសហគ្រិនកម្ពុជា និងផលិតផលមូលដ្ឋានឱ្យចូលដល់ទីផ្សារកាន់តែទូលំទូលាយ។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍដែលមានន័យ មិនមែនវាស់ត្រឹមចំនួនគម្រោងដែលបានអនុវត្តទេ ប៉ុន្តែវាស់តាមការផ្លាស់ប្តូរដែលប្រជាជនទទួលបាន។

តាមរយៈកិច្ចសហការទាំងនេះ សង្គមស៊ីវិលកម្ពុជា-ចិនអាចដើរតួនាទីជាស្ពានភ្ជាប់រវាងគំនិតផ្តួចផ្តើមអភិវឌ្ឍសកល និងការអនុវត្តជាក់ស្តែងនៅមូលដ្ឋាន ដើម្បីរួមចំណែកបង្កើតការអភិវឌ្ឍដែលមានគុណភាព បរិយាបន្ន និងផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img