វិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅតែអះអាងពីភាពរឹងមាំ បើទោះជាអតិថិជនបង់សងយឺតកើនឡើងដល់ជិត៨ភាគរយ និងការផ្តល់កម្ចីថយចុះដល់៤៨ភាគរយក៏ដោយ ចំណែកអតិថិជនមួយចំនួនថា កំពុងច្របូកច្របល់ផ្លូវចិត្តវេទនាស្ទើរស្លាប់ព្រោះចំណូលធ្លាក់ចុះគ្មានលុយសងបំណុល។ អ្នកនាំពាក្យសមាគមធនាគារនៅកម្ពុជា លោក សុខ ចាន់ ឱ្យដឹងថា របាយការណ៍ចុងក្រោយគិតត្រឹមខែឧសភាឆ្នាំ២០២៤ អតិថិជនដែលសងប្រាក់កម្ចីត្រឡប់យឺតកើនឡើងដល់៧,៧ភាគរយ។
លោក សុខ ចាន់ ថ្លែងថា៖ «គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៤នេះ ការបង់សងត្រឡប់វិញយឺតលើសពី ៣០ថ្ងៃ បានកើនឡើងដល់ប្រមាណ ៧,៧%។ នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC)»។
របាយការណ៍នេះក៏បញ្ជាក់ទៀតថា ស្ថាប័ននេះ មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាសមាជិកចំនួន១៩៥ស្ថាប័ន ដែលមានអតិថិជនជិត៥លាននាក់(៤,៩៨លាន) ហើយចំនួនទឹកប្រាក់ដែលជំពាក់បំណុលប្រមាណ៥៨ពាន់លានដុល្លារ(២៣២ ៣៩៣ ៣៩៤ លានរៀល)។
អតិថិជនដែលជំពាក់បំណុលមួយចំនួនឱ្យដឹងថា ទន្ទឹមនឹងការបាត់បង់ចំណូល បុគ្គលិកធនាគារនៅតែដាក់សម្ពាធឱ្យបង់សង ទើបពួកគេបង្ខំចិត្តទៅយកកម្ចីឯកជននាំឱ្យមានបំណុលកាន់តែធ្ងន់ធ្ងរ។
អ្នកនាំពាក្យសមាគមធនាគារនៅកម្ពុជាបានពន្យល់ថា ចំនួននៃការបង់សងយឺតនេះមិនមែនមានន័យថា ជាកម្ចីដែលខូចនោះទេ គឺគ្រាន់តែជាកម្ចីដែលបង់សងយឺតជាងរយៈពេល៣០ថ្ងៃតែប៉ុណ្ណោះ។ លោកបន្តថា ចំនួននៃការបង់សងយឺតនេះកើនឡើង ប៉ុន្តែស្ថិតនៅក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន ហើយវិស័យនេះនៅតែរឹងមាំដដែល។
លោក សុខ ចាន់ អះអាងថា៖ «បើទោះបីជាអត្រាបង់សងត្រឡប់វិញយឺតបានកើនបន្តិចក្តី ប៉ុន្តែវិស័យធនាគារ និងហិរញ្ញវត្ថុ នៅបន្តមានភាពរឹងមាំ ធន់ និងមានភាពស្ថិរភាព និងបន្តផ្តល់ឥណទានជាធម្មតាដល់ប្រជាពលរដ្ឋ និងអាជីវកម្មខ្នាតតូច និងមធ្យម ដើម្បីទទួលបានប្រភពទុនផ្លូវការក្នុងការស្ដារ និងពង្រីកអាជីវកម្មរបស់ពួកគាត់»។
អ្នកនាំពាក្យសមាគមមីក្រូហិញ្ញវត្ថុកម្ពុជា លោក កាំង តុងងី ចាត់ទុកចំនួនអ្នកបង់សងយឺតដល់ជិត៨ភាគរយនេះ គឺជាសញ្ញាមិនល្អដែលបង្ហាញពីការលំបាករបស់ប្រជាពលរដ្ឋថយចុះចំណូល។ ប៉ុន្តែលោក តុងងី បញ្ជាក់ថា ស្ថានភាពស្ថាប័នផ្តល់កម្ចីនៅតែស្ថិតនៅក្នុងស្ថានភាពល្អបើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗ។
លោក កាំង តុងងី បញ្ជាក់ថា៖«បើសិនជាយើងមើលជារូបភាពធំដោយសារបរិបទសេដ្ឋកិច្ចកម្ពុជា យើងរងវិបត្តិផ្ទួនៗ ពោលតាំងពីកូវីដមក មានសង្គ្រាមអីអូសបន្លាយមក អ៊ីចឹងជាលក្ខណៈសត្យានុម័តវាត្រូវតែជះឥទ្ធិពលដល់ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋយើងហើយ។ [អតិថិជនដែលបង់សងយឺត] ៧ភាគរយអាចថាជាកម្រិតមួយខ្ពស់គួរសម ក៏ប៉ុន្តែបើសិនយើងមើលប្រទេសក្នុងតំបន់ ប្រទេសនៅជុំវិញយើងហ្នឹងគឺថា៧ភាគរយគឺកម្រិតនៅទាបជាងគេនៅឡើយទេ»។
ប្រធាននាយកប្រតិបត្តិ របស់ធនាគារ អេស៊ីលីដា លោក អ៊ិន ចាន់នី បញ្ជាក់ថា លោកមិនអាចផ្តល់ព័ត៌មានពីចំណុចខ្លាំង និងការលំបាករបស់ធនាគារក្នុងស្ថានភាពអ្នកបង់សងយឺតកើនឡើងជិត៨ភាគរយនេះបានទេ ដោយរបាយការណ៍នេះត្រូវផ្ញើទៅស្ថាប័នរបស់រដ្ឋាភិបាលជាមុនសិន។
គិរីដងរែកបានទាក់ទងទៅធនាគារមួយចំនួនទៀត ដូចជា ABA Wing និងLOLC ជាដើម ក៏មិនទទួលបានចម្លើយដូចករណីធនាគារអេស៊ីលីដាដែរ។
របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ការផ្តល់ឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុបានធ្លាក់ចុះជាង៤៨ភាគរយ ស្មើនឹងទឹកប្រាក់៦,២ពាន់លានដុល្លារ នៅឆមាសទី១ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទន្ទឹមនឹងការដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលអាមេរិកនេះ នឹងអាចបង្កើនតម្លៃប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណក្នុងតំបន់។ ដោយតម្លៃប្រាក់រៀលមានស្ថិរភាពធៀបនឹងប្រាក់ដុល្លារអាមេរិក, ការឡើងថ្លៃប្រាក់ដុល្លារអាមេរិក ក៏មានន័យថា ប្រាក់រៀលនឹងឡើងថ្លៃធៀបនឹងរូបិយប័ណ្ណផ្សេងៗទៀតដែរ។ ដូច្នេះការឡើងថ្លៃនេះអាចនឹងមានឥទ្ធិពលដល់ភាពប្រកួតប្រជែងនៃការនាំចេញរបស់កម្ពុជា។
ទោះជាយ៉ាងនេះក្តី ដោយសារការនាំចេញរបស់កម្ពុជា ភាគច្រើនទៅកាន់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលសេដ្ឋកិច្ចកំពុងបន្តមានភាពល្អប្រសើរឡើងវិញ ផលវិជ្ជមានដែលទទួលបានពីការកើនឡើងនៃអំណាចទិញនៅសេដ្ឋកិច្ចទាំងពីរនេះ អាចបន្ថយផលអវិជ្ជមានដែលបណ្តាលមកពីផលប៉ះពាល់ពីការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិក និងប្រាក់រៀល៕
ដោយគិរីដងរែក