(ព្រៃវែង) ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ អមដោយរថយន្តពេទ្យចល័តទំនើបដែលមានសមត្ថភាពក្នុងការវះកាត់ និងព្យាបាលជំងឺបេះដូងពីកំណើតដែលជាអំណោយដ៏ថ្លៃថ្លាពីមិត្តចិន ក្រុមគ្រូពេទ្យជំនាញកម្ពុជា-ចិនបានចុះមក ពិនិត្យសុខភាពបេះដូងដោយឥតគិតថ្លៃជូនសិស្សានុសិស្សកម្ពុជាជាច្រើននាក់នៅឃុំស្ពឺ«ក» ស្រុកបាភ្នំ ខេត្ត ព្រៃវែង។ នេះជាបេសកកម្មមនុស្សធម៌លើកទី៤ដែលរថយន្តពេទ្យចល័តទំនើបនេះបានចុះទៅដល់មូលដ្ឋានផ្ទាល់ របស់ប្រជាជនក្នុងបេសកកម្មបង្ហាញយ៉ាងច្បាស់ពីទំនាក់ទំនងមិត្តភាពដ៏រឹងមាំរវាងប្រជាជននិងប្រជាជន កម្ពុជានិង ចិន។

តាងនាមឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលបានចុះពិនិត្យសុខភាពពេញ១ថ្ងៃនេះ លោកវេជ្ជបណ្ឌិត វេជ្ជ ស៊ុយ សុវណ្ណារ៉ា បានជម្រាបថា ក្រុមគ្រូពេទ្យជំនាញបានប្រើប្រាស់ឧបករណ៍អេកូសាស្រ្តទំនើបដែលបំពាក់នៅក្នុងរថយន្តពេទ្យ ចល័ត។ បច្ចេកវិទ្យាអេកូសាស្រ្តនេះគឺជាវិធីសាស្រ្តវេជ្ជសាស្ត្រទំនើបបំផុតមួយសម្រាប់ធ្វើរោគវិនិច្ឆ័យ និងស្វែងរក ភាពមិនប្រក្រតីនៃបេះដូងពីកំណើតលើកុមារ។ ជាក់ស្តែង ក្រោយការពិនិត្យសុខភាពបេះដូងជូនកុមារទាំង១៥៩៥នាក់នៅឃុំស្ពឺ«ក» ស្រុក បាភ្នំ ក្រុមគ្រូពេទ្យរកឃេីញកុមារមួយរូបមានខូចប្រឹសបេះដូង (Mitral Insufficiency grade 2/4) និង ម្នាក់ទៀតមានជំងឺបេះដូងពីកំណេីត (infundibular VSD=3mm)។

ក្នុងនាមលោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុកបាភ្នំ លោក ជិន សាម៉ុន អភិបាលរងស្រុកបាភ្នំ បានមានប្រសាសន៍ថ្លែងនូវការដឹងគុណដល់ឯកឧត្តម ឯក សំអុល ប្រធានសមាគម មិត្តភាពកម្ពុជា-ចិន ដែលបានឧបត្ថម្ភគាំទ្រទាំងស្រុងលើការពិនិត្យជំងឺបេះដូងនៅតាមសាលារៀនទាំងអស់ក្នុង ឃុំស្ពឺ«ក»នេះ។ បន្ថែមពីលើនេះ លោកអភិបាលរងបានកត់សម្គាល់ឃើញថា អាណាព្យាបាលរបស់សិស្សានុសិស្ស សរុប១៥៩៥នាក់ បានសម្តែងនូវក្តីរីករាយ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យដែលបាននាំយកសេវាវេជ្ជសាស្ត្រទំនើបមកដល់មូលដ្ឋានផ្ទាល់ ដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយទៅកាន់រាជធានី ឬមន្ទីរពេទ្យធំៗ។

លោក Liu Wenzhi តំណាងមូលនិធិចិនPeaceland និង លោក Zhang Shenyue តំណាងមូលនិធិចិន ដើម្បីអភិវឌ្ឍជនបទ បានយល់ស្របគ្នាថា រថយន្តដែលជាអំណោយរបស់សង្គមស៊ីវិលចិន តាមរយៈសមាគម មិត្តភាពកម្ពុជា-ចិន ពិតជាបានជួយដល់ក្រុមគ្រូពេទ្យកម្ពុជានិងចិនបានផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេស និង ចំណេះដឹងវិជ្ជាជីវៈដែលជាកត្តាសំខាន់ក្នុងការចូលរួមជាចំណែកនៅក្នុងការពង្រឹងសមត្ថភាពវិស័យសុខាភិបាលនៅកម្ពុជាឱ្យកាន់តែរឹងមាំ។

ដោយទទួលបានការចង្អុលបង្ហាញពីឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន លោកបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈប្រតិបត្តិសមាគមបានថ្លែងថា តាមរយៈរថយន្តពេទ្យចល័តនិងក្រុមគ្រូពេទ្យកម្ពុជា–ចិន បេសកកម្មមនុស្សធម៌ពិតជាបាននាំយកទាំងបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប ក្តីសង្ឃឹម និងស្នាមញញឹមមកកាន់កុមារ និងប្រជាពលរដ្ឋនៅឃុំស្ពឺ«ក» ហើយនេះគឺជាសក្ខីភាពមួយបង្ហាញពីមិត្តភាពដែកថែបកម្ពុជា–ចិន ដែលមិនត្រឹមតែ ស្ថិតនៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឈរលើមូលដ្ឋាននៃការយក ចិត្តទុកដាក់ជាប់ជានិច្ចរបស់រដ្ឋបាលស្រុកបាភ្នំចំពោះជីវិត និងសុខុមាលភាពរបស់ប្រជាជនផងដែរ៕




ដោយគិរីដងរែក




