(ខេត្តព្រះសីហនុ) រសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោក Wang Heming អគ្គលេខាធិការមូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍ បានអញ្ជើញចុះបំពេញទស្សនកិច្ចនៅក្នុងខេត្តព្រះសីហនុ ដើម្បីពិនិត្យមើលស្ថានភាព ប្រើប្រាស់ និងប្រសិទ្ធភាពនៃអគារសិក្សាចំនួន៥ខ្នង ដែលត្រូវបានសាងសង់ដោយមូលនិធិចិនដើម្បីសន្តិភាព និង ការអភិវឌ្ឍ កាលពីឆ្នាំ២០១៧ ក្នុងគោលបំណងលើកកម្ពស់វិស័យអប់រំ និងចូលរួមអភិវឌ្ឍធនធានមនុស្សនៅ កម្ពុជា។ ដំណើរទស្សនកិច្ចនេះ បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់មូលនិធិចំពោះការអប់រំរបស់ កុមារកម្ពុជា ជាពិសេសនៅតំបន់ដែលនៅតែត្រូវការការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធសិក្សា។
ដោយទទួលបានការចង្អុលបង្ហាញពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល លោក ជា មុនីឫទ្ធិ ប្រធាននាយកដ្ឋានផែនការនិងគម្រោង បានលើកឡើងថា សង្គមស៊ីវិលនៃប្រទេសយើងទាំងពីរ តែងបានកំណត់ចក្ខុវិស័យរួមគ្នាថា ការអប់រំគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ ប្រទេសជាតិ ហេតុនេះមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍដែលជាសង្គមស៊ីវិលមួយរបស់ប្រទេសចិន ហើយក៏ ជាដៃគូយ៉ាងជិតស្និទ្ធបំផុតរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលចាប់ពីឆ្នាំ២០១៧មក បានបន្តពួតដៃគ្នាក្នុងការបង្កើនកិច្ច សាងសង់អគារសិក្សា ការផ្តល់សម្ភារៈសិក្សា និងការគាំទ្រផ្នែកឌីជីថលដែលជាការផ្តល់ឱកាសសិក្សាកាន់តែប្រសើរ ដល់កុមារកម្ពុជា។ ជាក់ស្តែងដំណើរទស្សនកិច្ចមកដល់អគារសិក្សានៅសាលាបឋមសិក្សាកំពេញចាស់ នាពេលនេះ មិនត្រឹមតែជាការចុះពិនិត្យសមិទ្ធផលដែលបានអនុវត្តកាលពី៩ឆ្នាំកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពី ការប្តេជ្ញាចិត្តរបស់សង្គមស៊ីវិលកម្ពុជា-ចិនបន្តគាំទ្រវិស័យអប់រំនៅកម្ពុជា និងពង្រឹងឱ្យកាន់តែរឹងមាំថែមទៀតនូវកិច្ច សហប្រតិបត្តិការមិត្តភាពដ៏ប្រពៃរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន។
ក្នុងអំឡុងពេលទស្សនកិច្ចនៅសាលាបឋមសិក្សាកំពេញចាស់ លោក Wang Heming បានថ្លែងនូវការកោតសរសើរ យ៉ាងខ្លាំងចំពោះលោកស្រី នូច ផល្លី នាយិកាសាលា ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការរៀបចំសោភណភាពសាលារៀន ឱ្យមានបរិយាកាសស្អាត បៃតង មានអនាម័យ និងមានរបៀបរៀបរយល្អ។ លោកបានបន្ថែមថា ការយកចិត្តទុក ដាក់របស់លោកស្រីនាយិកាចំពោះសិស្សគ្រប់រូប ដោយមិនទុកឱ្យសិស្សណាម្នាក់នៅពីក្រោយ គឺជាគំរូដ៏ល្អនៃ ការអប់រំប្រកបដោយសមធម៌ និងគុណភាព។
ជាការឆ្លើយតប និងដឹងគុណដល់សង្គមស៊ីវិលនៃប្រទេសយើងទាំងពីរ លោកស្រី នូច ផល្លី បានរំលឹកថា កាលពីឆ្នាំ២០២២កន្លងមក សាលាបឋមសិក្សាកំពេញចាស់ រួមជាមួយសាលាបឋមសិក្សា ៤ផ្សេងទៀតក៏បានទទួលសម្ភារអេឡិកត្រូនិកពីមូលនិធិចិនដើម្បីអភិវឌ្ឍជនបទតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដើម្បីរួមចំណែកក្នុងការបង្កើនគុណភាពសិក្សា និងលើកកម្ពស់ឌីជីថលនីយកម្មនៅក្នុងសាលារៀន។ សម្ភារទាំង នោះ រួមមានកុំព្យូទ័រ ម៉ាស៊ីនPrinter និងឧបករណ៍បច្ចេកវិទ្យាផ្សេងៗ ដែលបានជួយឱ្យលោកគ្រូ អ្នកគ្រូ អាចអនុវត្តការបង្រៀនបែបទំនើប និងធ្វើឱ្យសិស្សានុសិស្សមានឱកាសសិក្សាឈ្វេងយល់ពីបច្ចេកវិទ្យាកាន់តែទូលំ ទូលាយ។
គួរបញ្ជាក់ផងដែរថា អគារសិក្សាទាំង៥ខ្នងដែលត្រូវបានចុះពិនិត្យក្នុងឱកាសនេះ រួមមានអគារនៅសាលា បឋមសិក្សាកំពេញចាស់ សាលាបឋមសិក្សាចំការកៅស៊ូ សាលាបឋមសិក្សា ហ៊ុន សែន ដីក្រហម សាលាបឋមសិក្សា ហ៊ុន សែន ស្ទឹងឆាយ និងសាលាបឋមសិក្សា-អនុវិទ្យាល័យ សំរុង។ អគារទាំងនេះ ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ២០១៧ ហេីយដាក់អោយប្រេីប្រាស់ជាផ្លូវការចាប់ពីឆ្នាំ២០១៨មក ក្នុងគោលបំណងផ្តល់បរិយាកាសសិក្សាល្អប្រសើរ សុវត្ថិភាព និងមានផាសុកភាពដល់សិស្សានុសិស្ស និងគ្រូបង្រៀន ដែលកំពុងប្រើប្រាស់ជារៀងរាល់ថ្ងៃ៕








ដោយគិរីដងរែក




