ប្រធានាធិបតី ឥណ្ឌូនេស៊ី លោកចូកូវីដូដូJoko Widodo និយាយថាទាំងប្រធានាធិបតី អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី និង ប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាន យល់ ព្រម ចូល រួម កិច្ច ប្រជុំ កំពូល នៃក្រុ ម ប្រទេស G-២០ ដែល នឹង ប្រព្រឹត្ត ទៅ នៅ ខែ វិច្ឆិកា តាម ការ អញ្ជើញ របស់ ឥណ្ឌូនេស៊ី ដែល ជា ម្ចាស់ ផ្ទះ ។
លោក វីដូដូ និយាយកាលពីថ្ងៃសុក្រតាមកញ្ចក់ទូរទស្សន៍ថាលោកបានសន្ទនាទូរស័ព្ទជាមួយ មេដឹកនាំនៃប្រទេសទាំង២ថែមទាំងជំរុញឱ្យអ៊ុយក្រែននិងរុស្ស៊ីឲ្យបញ្ចប់សង្គ្រាមតាមរយៈការ ចរចា ។

លោក វីដូដូ និយាយថា ៖ « ខ្ញុំបានបញ្ជាក់ម្តងទៀតពីសារៈសំខាន់នៃការបញ្ចប់សង្គ្រាមភ្លាម ៗ ។ ខ្ញុំក៏បានសង្កត់ធ្ងន់ថាកិច្ចខិតខំប្រឹងប្រែងដោយសន្តិវិធីគួរតែបន្តហើយឥណ្ឌូនេស៊ីត្រៀមខ្លួនជា ស្រេចដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងដោយសន្តិភាពទាំងនេះ » ។
លោក និយាយថាលោកបានអញ្ជើញលោកពូទីននិងលោកហ្សេឡេនស្គីទៅចូលរួមកិច្ចប្រជុំ កំពូល G-២០ខណៈដែលសង្រ្គាមនៅអ៊ុយក្រែនជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភព លោក ។ ប្រធានាធិបតីដដែលបន្តថា ៖ « យើងយល់ថាG-២០ដើរតួជាកាតាលីករ ( អ្នក បង្កើន ល្បឿន ) ក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក » ។

ឥណ្ឌូណេស៊ីដែលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ G-២០នៅឆ្នាំនេះរងសម្ពាធយ៉ាងខ្លាំងពីបស្ចិមលោក ដែលដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីផ្ដាច់ទំនាក់ទំនងជាមួយរុស្ស៊ីចេញបន្ទាប់ពីការឈ្លាន ពានអ៊ុយក្រែនប៉ុន្តែរដ្ឋាភិបាលលោកវីដូដូប្រកែកថាខ្លួនត្រូវតែរក្សា « ភាព មិន លម្អៀង » ។
បស្ចិមលោកព្យាយាមដាក់រុស្ស៊ីឱ្យនៅឯកោទាំងផ្នែកការទូតនិងសេដ្ឋកិច្ច ។ កិច្ចប្រជុំរបស់រដ្ឋមន្ត្រី ហិរញ្ញវត្ថុG-២០កាលពីខែមេសានាទីក្រុងវ៉ាស៊ីនតោនបានបង្ហាញពីការបែកបាក់យ៉ាងស៊ីជម្រៅ នៅក្នុងក្រុមនៃបណ្តាប្រទេសសេដ្ឋកិច្ចធំៗរបស់ពិភពលោកដោយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត មួយចំនួនធ្វើពហិការកិច្ចពិភាក្សានានាដើម្បីប្រឆាំងនឹងការចូលរួមរបស់រុស្ស៊ី ។
ប៉ុន្តែឥណ្ឌូណេស៊ីដូចជាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនធំៗភាគច្រើនផ្សេងទៀតដែរ បានព្យាយាមរក្សាជំហរអព្យាក្រឹតរបស់ខ្លួន។ លោកប្រធានាធិបតីវីដូដូនិយាយកាលពីថ្ងៃសុក្រ ថាឥណ្ឌូនេស៊ីនឹងមិនបញ្ជូនអាវុធទៅអ៊ុយក្រែនតាមការស្នើសុំអាវុធរបស់លោកហ្សេឡេនស្គី ទេ ប៉ុន្តែនឹងបញ្ជូនជំនួយមនុស្សធម៌ជំនួសវិញដោយសារតែរដ្ឋធម្មនុញ្ញនិងគោលនយោបាយការ បរទេស ប្រទេសនេះហាមឃាត់មិនឱ្យផ្តល់ជំនួយសព្វាវុធដល់ប្រទេសដទៃទៀត ។
ដោយគីរីដងរែក