ប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យបានអំពាវនាវដល់អាជ្ញាធរកាលពីម្សិលមិញឲ្យចាត់វិធានការដោះស្រាយការលិចលង់លូតាមប្រឡាយស្ទឹងមានជ័យ និងប្រឡាយបឹងទំពុនជាបន្ទាន់។
លោក ចិក ម៉េងហួរ ប្រជាពលរដ្ឋនៅភូមិចំរើនផល សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ បាននិយាយកាលពីម្សិលមិញថាគាត់បានរស់នៅតាមប្រឡាយស្ទឹងមានជ័យ និងបឹងទំពុនតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ។
លោកថា៖ « កាលពីពីរខែមុន ក្រុមការងារ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះមកសម្អាតប្រឡាយ ប៉ុន្តែខ្ញុំសង្កេតឃើញថា ប្រឡាយនេះនៅតែពោរពេញដោយភក់ និងសំរាម»។
លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់បឹងទំពុនទី២ ជៀសវាងការចោលសំរាមក្នុងប្រឡាយ ដែលកំពុងតែស្ទះផ្លូវទឹកក្នុងប្រឡាយដោយរលូន។
លោកស្រី កែវ លីហុង ប្រជាពលរដ្ឋនៅភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ បាននិយាយកាលពីម្សិលមិញថា ផ្ទះរបស់គាត់ត្រូវជន់លិចសូម្បីតែពេលភ្លៀងធ្លាក់បន្តិចក៏ដោយ។ មូលហេតុបើតាមគាត់គឺការចោលសំរាមគ្មានទំនួលខុសត្រូវនៅតំបន់ក្បែរលូ។
លោកស្រីថា៖ « ពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ទឹកបានហូរចូលផ្ទះរបស់ខ្ញុំ ដែលបំផ្លាញរបស់របរទាំងអស់ រួមទាំងពូក និងប្រដាប់ប្រដាប្រើប្រាស់ផងដែរ។ គ្មានអ្វីនៅសល់ក្នុងស្ថានភាពល្អទេឥឡូវនេះ។ ខ្ញុំសង្ឃឹមថា អាជ្ញាធរនឹង ស្តារលូ ដើម្បីកុំឲ្យប្រជាពលរដ្ឋរស់នៅក្បែរប្រឡាយរងគ្រោះ»។
លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានមានប្រសាសន៍កាលពីម្សិលមិញថា លោកបានបញ្ជាឱ្យអាជ្ញាធរសង្កាត់ក្នុងការស្តារប្រឡាយរួចរាល់ហើយ និងស្តារលូឡើងវិញ បន្ទាប់ពីមានការណែនាំពីអភិបាលរាជធានីភ្នំពេញ ដើម្បីជៀសវាងការជន់លិចក្នុងរដូវវស្សា។
លោកបានបន្តថា៖ «យើងបានស្ដារប្រឡាយទាំងអស់ក្នុងខណ្ឌមានជ័យ ហើយឥឡូវបញ្ហាទឹកលិចដ៏អាក្រក់បំផុតគឺក្នុងសង្កាត់បឹងទំពុនទី ១ និងទី ២ ដោយសារប្រជាជនរស់នៅក្បែរប្រឡាយនោះ»។
លោកបានបន្ថែមថា៖ «ខ្ញុំសង្កេតឃើញថាទឹកភ្លៀងដែលហូរមកពីកន្លែងផ្សេងក៏កំពុងបង្កការជន់លិចនៅទីនេះដែរ»៕








ដោយគីរីដងរែក