បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូដួល ហើយត្រូវរថយន្តមកពីក្រោយកិន ដែលហេតុការណ៍នេះ កើតឡើងត្រង់ចំណុចភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៣-៤៤ កាលពីវេលាម៉ោង៦ និង ៣៥នាទីល្ងាចថ្ងៃទី២៦ខែឧសភាឆ្នាំ២០២២។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះលឹម សុភក្រ្តា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិជ័យឧត្តម ឃុំព្រែកខ្សែខ ស្រុកពាមរ៍ ខេត្តព្រៃវែង បើកបរពីទិសខាងលិចទៅទិសខាងកើត។ លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ម៉ូតូដួលហើយខ្ទាតទាំងម៉ូតូ និងមនុស្សមកខាងឆ្វេងដៃ ត្រូវរថយន្ដពីរគ្រឿងបើកបរពីទិសខាងកើតទៅទិសខាងលិច ទី១ មិនស្គាល់ម៉ាក និងអត្តសញ្ញាណអ្នកបើកបរ (បើករត់គេច ក្រោយកើតហេតុ) បានទៅជាន់មនុស្សដែលដួល ម៉ូតូបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។
រថយន្តទី២ ម៉ាក HYUNDAI ពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ3E-8324 សណ្ដោងសឺមីរ៉ឺម៉ក ពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ4A-6246 មិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបរ (ចុះរត់គេច) បានទៅជាន់ម៉ូតូ។
ប្រភពបានបន្តទៀតថា ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំពោះវត្ថុតាងម៉ូតូ និង រថយន្ដបានយកមករក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ចំណែករថយន្ដមិនស្គាល់ម៉ាក ដែលបើកបរត់កំពុងតែស្រាវជ្រាវ៕


