“រួមគ្នាគ្រោងផែនការការអភិវឌ្ឍនិងវិបុលភាពនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក” “លទ្ធផលជាក់ស្តែងទទួលបានការរំពឹងទុកយ៉ាងខ្លាំង” “ពិភពលោកទាំងមូលចាប់អារម្មណ៍យ៉ាងខ្លាំង” “មានអត្ថន័យដ៏ជ្រាលជ្រៅ”… ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា កិច្ចប្រជុំក្រៅផ្លូវការលើកទី៣៣ របស់មេដឹកនាំនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នឹងប្រព្រឹត្តទៅនៅទីក្រុង Shenzhen ប្រទេសចិន ដែលត្រូវបានទទួលការចាប់អារម្មណ៍ខ្ពស់ពីសហគមន៍អន្តរជាតិ ។ លោក Eduardo Pedrosa ប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន APEC បានថ្លែងថា ចិនបន្តជំរុញឱ្យតំបន់អាស៊ី-ប៉ាស៊ីហ្វិករហូតដល់ទូទាំងពិភពលោកសម្រេចបាននូវវិបុលភាពកម្រិតកាន់តែខ្ពស់ ហើយរំពឹងទុកថា ភាគីពាក់ព័ន្ធនានានឹងរួមគ្នាពិភាក្សានៅក្នុងកិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំ APEC លើកនេះ អំពីវិធីសាស្ត្រពង្រីកលំហតាមរយៈការបើកទូលាយ ជំរុញការអភិវឌ្ឍតាមរយៈនវានុវត្តន៍ និងជំរុញបរិយាប័ន្នតាមរយៈកិច្ចសហប្រតិបត្តិការ។ បើយើងសង្កេតមើលឲ្យគ្រប់ជ្រុង នោះអាចយល់ដឹងកាន់តែច្បាស់ថា ហេតុអ្វីបានជា“ពេលវេលា Shenzhen ” នៃ APEC ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ។

បើមើលពីបរិការណ៍អន្តរជាតិ ការប៉ះទង្គិចភូមិសាស្ត្រនយោបាយបានកើនឡើង ឯកតោភាគីនិយម និងគាំពារនិយមងើបឡើងវិញ ហើយសណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិកំពុងប្រឈមមុខនឹងបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ ។ ទន្ទឹមនឹងនេះ បដិវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យា និងការផ្លាស់ប្តូរឧស្សាហកម្មជំនាន់ថ្មីកំពុងវិវត្តយ៉ាងស៊ីជម្រៅ ហើយកម្លាំងចលករអភិវឌ្ឍន៍ថ្មីកំពុងប្រមូលផ្តុំ ។ បើមើលពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំនេះជាខួប ២០ ឆ្នាំនៃការលើកឡើងពីទស្សនទានតំបន់ពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិកដោយមេដឹកនាំអង្គការ APEC ហើយការបើកទូលាយ និងកិច្ចសហប្រតិបត្តិការគឺជាសំឡេងរួមរបស់រដ្ឋសមាជិកទាំងអស់ ។ ចំពោះប្រទេសចិន ឆ្នាំនេះគឺជាខួប ៣៥ ឆ្នាំនៃការចូលជាសមាជិកអង្គការ APEC ហើយក៏ជាឆ្នាំនៃការចាប់ផ្តើមអនុវត្ត“ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥” ដែលសេចក្តីសង្ខេបនៃ “ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥” បានបញ្ជាក់យ៉ាងច្បាស់ថា “ពង្រីកការបើកទូលាយកម្រិតខ្ពស់និងបង្កើតនិម្មាបនកម្មថ្មីនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ” ។ នៅក្នុងចំណុចប្រសព្វនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាច្រើនពិភពលោករំពឹងទុកថា ការធ្វើជាម្ចាស់ផ្ទះ APEC ជាលើកទី៣ របស់ប្រទេសចិនមិនត្រឹមតែបានបំពេញបន្ថែមកម្លាំងចលករដ៏ខ្លាំងក្លាដល់កិច្ចសហប្រតិបត្តិការតំបន់អាស៊ី-ប៉ាស៊ីហ្វិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក៏ផ្តល់ភាពប្រាកដប្រជា ស្ថិរភាព និងកម្លាំងវិជ្ជមានកាន់តែច្រើនដល់កំណើនសេដ្ឋកិច្ចពិភពលោក និងកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ ។

ចាប់តាំងពីដើមឆ្នាំនេះមក ភាគីចិនរួមជាមួយអង្គភាពសេដ្ឋកិច្ចដែលជារដ្ឋសមាជិកអង្គការ APEC ទាំងអស់បានរៀបចំកិច្ចប្រជុំ និងសកម្មភាពផ្សេងៗរបស់ APEC ជាង ៣០០ លើកដោយជោគជ័យ ក្រោមប្រធានបទ “កសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក ជំរុញវិបុលភាពរួម”និងវិស័យអាទិភាពទាំងបីគឺ “ការបើកទូលាយ នវានុវត្តន៍និងកិច្ចសហប្រតិបត្តិការ” ដោយឈានដល់គំនិតឯកភាពរួម និងកិច្ចសហប្រតិបត្តិការមួយចំនួន ដែលបានចាក់គ្រឹះដ៏រឹងមាំសម្រាប់កិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំ APEC ដែលនឹងប្រព្រឹត្តទៅខាងមុខនេះ ។ សហគមន៍អន្តរជាតិរំពឹងជាទូទៅថា រដ្ឋសមាជិកនានានៃអង្គការ APEC នឹងប្រមូលផ្តុំគំនិតឯកភាពរួមបន្ថែមទៀត សម្រេចបាននូវសេចក្តីប្រកាស Shenzhen របស់មេដឹកនាំ និងទទួលបានសមិទ្ធផលជាក់ស្តែងកាន់តែច្រើនក្នុងវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម ការតភ្ជាប់ សេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិត(AI)ជាដើម ដើម្បីជំរុញឱ្យការកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកប្រែពីគោលដៅទៅជាសកម្មភាព និងពីផែនការមេទៅជាការពិតជាក់ស្តែង ។ “ខ្យល់ព្យុះកាន់តែខ្លាំង កាន់តែត្រូវរួមទូកតែមួយពុះពារឧបសគ្គ ។” ទីក្រុង Shenzhen នៅខែវិច្ឆិកានឹងធ្វើជាសាក្សីនៃការរួមមាគ៌ាជាមួយអង្គភាពសេដ្ឋកិច្ចដែលជារដ្ឋសមាជិកនានានៃអង្គការ APEC ប្រកាន់ខ្ជាប់នូវគោលបំណងដើមរបស់ APEC ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពប្រជាជន កសាងនិម្មាបនកម្មបើកទូលាយ រួមគ្នាកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ពង្រីកមាគ៌ានៃកិច្ចសហប្រតិបត្តិការ ជំរុញឱ្យការកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកឲ្យកាន់តែស៊ីជម្រៅ និងរឹងមាំ ដើម្បីរួមចំណែកកម្លាំង “អាស៊ី-ប៉ាស៊ីហ្វិក” កាន់តែច្រើនដល់កំណើនសេដ្ឋកិច្ចពិភពលោក ៕
ដោយគិរីដងរែក




