28 C
Phnom Penh
Thursday, December 5, 2024
- Advertisement -spot_img

បទវិភាគ៖ការវិនិយោគនៅប្រទេសចិន គឺជាការរីកចម្រើនដោយស៊ីសង្វាក់គ្នាជាមួយកម្លាំងផលិតកម្មគុណភាពថ្មីរបស់ចិន

- Advertisement -spot_img

ពីថ្ងៃទី៨ដល់ថ្ងៃទី១១ខែកញ្ញា ពិព័រណ៍ចិនអន្តរជាតិសម្រាប់ការវិនិយោគនិងពាណិជ្ជកម្មលើកទី២៤បានបើកធ្វើនៅក្រុង Xiamen ប្រទេសចិន ។ ពិព័រណ៍លើកនេះជាពិព័រណ៍អន្តរជាតិដែលចាត់ទុកការវិនិយោគជាប្រធានបទដែលចិនបានរៀបចំធ្វើជាលើកដំបូង បន្ទាប់ពីកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ពិព័រណ៍លើកនេះបានក្លាយជាបង្អួចដ៏សំខាន់សម្រាប់ឱ្យទុនបរទេសឈ្វេងយល់ពីប្រទេសចិននិងស្វែងរកឱកាស ។ តំណាងនៃសហគ្រាសអន្តរជាតិបាននាំគ្នាថ្លែងថា ទីផ្សារចិនគឺមិនអាចខកខានបានទេ ដូច្នេះ “ការវិនិយោគនៅប្រទេសចិន”បានក្លាយជាពាក្យពេញនិយមនៃពិព័រណ៍លើកនេះ ។

ទីផ្សារដ៏ធំធេងរបស់ចិនជាកាលានុវត្តភាពធំនៃពិភពលោកជាប់រហូតមក ។ បច្ចុប្បន្ននេះ ទន្ទឹមនឹងចិនអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីដោយពេញទំហឹង ទីផ្សារដ៏ធំនេះបានរំលេចចេញនូវលក្ខណៈពិសេសថ្មីមួយចំនួន ។ ឧទាហរណ៍ដូចជា នៅផ្នែកផលិតកម្ម ឧស្ម័នឧស្សាហកម្មត្រូវគេហៅថា ជា“តំណក់ឈាម”នៃឧស្សាហកម្មទំនើប ។ នៅផ្នែកប្រើប្រាស់ គំនិតប្រើប្រាស់របស់ចិនបន្តវិវឌ្ឍទៅតាមយុគសម័យ ដែលជំរុញតម្រូវការនៃផលិតផលនិងសេវាកម្មប្រកបដោយគុណភាពខ្ពស់ ។ វិនិយោគិនបរទេសជាច្រើនបានយល់ឃើញថា ការវិនិយោគនៅប្រទេសចិន ក៏ជាការរីកចម្រើនដោយស៊ីសង្វាក់គ្នាជាមួយកម្លាំងផលិតកម្មគុណភាពថ្មីរបស់ចិនផងដែរ។

ព្រមពេលជាមួយគ្នានេះ ភាពធន់ដ៏ខ្លាំងក្លានៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់របស់ចិនបានផ្តល់ការធានាយ៉ាងខ្លាំងដល់ការធ្វើអាជីវកម្មនៅប្រទេសចិនរបស់ទុនបរទេស ។ វិនិយោគិនជាច្រើនបានថ្លែងថា ឧស្សាហកម្មចិនមានប្រព័ន្ធដ៏ល្អពេញលេញនិងប្រសិទ្ធផលថ្លៃដើមខ្ពស់ ថែមទាំងមានបច្ចេកទេសផលិតកម្មវៃឆ្លាតដ៏ជឿនលឿននិងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ដែលអាចជួយពួកគេលើកកម្ពស់សមត្ថភាពផលិតកម្ម ។ ដូច្នេះ ពួកគេរំពឹងពង្រីកផលិតភាពនៅប្រទេសចិន ហើយនាំចេញទៅកាន់ពិភពលោក ។

អ្វីដែលកាន់តែសំខាន់ជាងទៀតគឺ ទន្ទឹមនឹងការច្នៃប្រឌិតថ្មីក្លាយជាកម្លាំងជំរុញដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចរបស់ចិន សហគ្រាសបរទេសកាន់តែច្រើនឡើងៗបានចាត់ទុកប្រទេសចិនជា “កន្លែងប្រភពនៃការច្នៃប្រឌិត” ។ ក្រោមការទាក់ទាញនៃ “កម្លាំងច្នៃប្រឌិតថ្មី”របស់ចិន សហគ្រាសបរទេសជាច្រើនបាននាំគ្នាទៅបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវឬច្នៃប្រឌិតថ្មីនៅប្រទេសចិន ។
ក្រោមការជំរុញនៃភាពកក់ក្តៅខាងការវិនិយោគបែបនេះ ពីខែមករាដល់ខែកក្កដាឆ្នាំនេះ ចំនួនសហគ្រាសថ្មីដែលវិនិយោគដោយពាណិជ្ជករបរទេសនៅប្រទេសចិនបានកើនឡើង១១,៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ បើមើលពីស្ថានភាពធ្វើអាជីវកម្ម ទំហំសរុបនៃប្រាក់ចំណេញរបស់សហគ្រាសទុនបរទេសដែលមានទ្រង់ទ្រាយមធ្យមនិងធំនៅឆមាសទីមួយឆ្នាំនេះបានកើនឡើង១១ភាគរយ ។

ការធ្វើអាជីវកម្មនៅប្រទេសចិនទទួលបានផលចំណេញដ៏ក្រាស់ក្រែល នេះជាមូលហេតុសំខាន់មួយទៀតដែលបណ្តាលឱ្យពាណិជ្ជករបរទេសពង្រីកការវិនិយោគនៅប្រទេសចិន ។ ក្នុងអំឡុងពេលពិព័រណ៍ចិនអន្តរជាតិសម្រាប់ការវិនិយោគនិងពាណិជ្ជកម្មលើកនេះ 《របាយការណ៍ស្តីពីការវិនិយោគទៅវិញទៅមករបស់ចិននៅឆ្នាំ២០២៤》ដែលចេញផ្សាយដោយវេទិកាពាក់ព័ន្ធបានបង្ហាញថា នៅឆ្នាំ២០២៣ ចិនបន្តកាន់ឋានៈជាប្រទេសមានលំហូរចូលទុនបរទេសធំលំដាប់ទីពីរលើពិភពលោក ដែលនៅតែជាកន្លែងដ៏ពេញនិយមសម្រាប់ការវិនិយោគសកល ។

ចិនជាតំណភ្ជាប់នូវកិច្ចសហប្រតិបត្តិការនិងការបើកទូលាយមួយ ហើយក៏ផ្តល់ទីខ្ពស់មួយសម្រាប់សហគ្រាសពហុជាតិដើរឆ្ពោះទៅកាន់ពិភពលោកផងដែរ ។ ឈរជើងនៅប្រទេសចិន សំដៅទៅរកពិភពលោក រឿងរ៉ាវអំពីទុនបរទេសធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិនកំពុងកើតឡើងតាមទម្រង់គ្រប់បែបយ៉ាង ហើយរឿងរ៉ាវស្តីពីប្រទេសនានាចែករំលែកភាគលាភនៃការអភិវឌ្ឍរបស់ចិននៅតែបន្តទៅទៀតដែរ ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img