កំពង់ធំះ នាព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានរៀបចំកម្មវិធីប្រគល់ថវិកាឧបត្ថម្ភមាតុភាពរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិ និងថវិកាជំនួយឧបត្ថម្ភរបស់អង្គភាពនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករកកំពង់ធំ ជូនដល់យោធិនដែលបានសម្រាកលំហែរមាតុភាព ចំនួន ៣ រូប ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង នាយការិយាល័យ ស្ថាប័នចំណុះ ព្រមទាំងយោធិននារីមួយចំនួន បានអញ្ជើញចូលរួមផងដែរ។

លោកស្រីវរសេនីយ៍ត្រី អ៊ុត លក្ខិណា នាយរងផ្នែកគិលានដ្ឋាន និងជាជំនួយការក្រុមការងារយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ ស្ដីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភមាតុភាពជូនយោធិននារីនៃកងយោធពលខេមរភូមិន្ទ នឹងបានគោរពអញ្ជើញឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្ដល់កិត្តិយសប្រគល់ថវិកាឧបត្ថមាតុភាពរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិ ដោយក្នុងយោធិនសម្រាកមាតុភាពមួយរូបទទួលបានថវិកាចំនួន ៨០០,០០០ រៀល និងថវិកាជំនួយឧបត្ថម្ភបន្ថែមរបស់អង្គភាព ក្នុងយោធិនមួយរូបចំនួន ២០០,០០០ រៀល សរុបចំនួន ១,០០០,០០០ រៀល ។
លោកស្រីវរសេនីយ៍ទោ យូ មុនីរ័ត្ន នាយសេនាធិការរង និងជាប្រធានក្រុមយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងឲ្យយោធិននារីដែលត្រូវសម្រាកកំហែរមាតុភាព បានឡើងគោរពថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុត ចំពោះ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានជួយឧបត្ថម្ភថវិកា ឧបត្ថម្ភមាតុភាពចំពោះយោធិននារី ដែលបានសម្រាកលំហែមាតុភាព និងសូមគោរពថ្លែងអំណរគុណចំពោះមេបញ្ជាការតំបន់ប្រតិបត្តិការសឹកកំពង់ធំ និងថ្នាក់ដឹកនាំទាំងអស់ ដែលបានចូលរួមឧបត្ថម្ភថវិកាបន្ថែមជូនដល់យោធិននារី ដែលបានសម្រាកលំហែមាតុភាពចំនួន ៣ រូបនៅថ្ងៃនេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំគោលនយោបាយឧបត្ថម្ភប្រាក់មាតុភាពជូនដល់យោធិននារីគ្រប់រូប ក្នុងពេលសម្រាកលំហែមាតុភាព តាមរយៈក្រសួងការពារជាតិ ។ ហេីយនៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់យោធនារី ដែលបានសម្រាកលំហែមាតុភាព ត្រូវខិតខំថែរក្សាសុខភាពផ្ទាល់ខ្លួន និងថែរក្សាទារកដែលទើបបានសម្រាលរួចឱ្យមានសុខភាពល្អ ហើយក្រោយពីចប់ច្បាប់សម្រាកលំហែរមាតុភាពត្រូវមកបំពេញភារកិច្ចនៅតាមអង្គភាព និងស្ថាប័នជំនាញរៀងៗខ្លួន តាមច្បាប់ដែលបានកំណត់ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់យោធិនគ្រប់រូបត្រូវគោរពប្រតិបត្តិឲ្យបានម៉ឺងម៉ាត់តាមច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ និងច្បាប់របស់រដ្ឋ ។ យោធិនណាម្នាក់ដែលបានប្រព្រឹត្តខុសឆ្គង ត្រូវទទួលវិន័យ តាមច្បាប់ និងលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ និងត្រូវទទួលទោសតាមច្បាប់របស់រដ្ឋដោយគ្មានការលើកលែងឡើយ៕







ដោយសំនៀង គិរីដងរែក




