26 C
Phnom Penh
Friday, March 21, 2025
- Advertisement -spot_img

តុលាការ កាត់ទោសកញ្ញា សេង ធារី ជាប់ពន្ធនាគារ ពី ៦ ទៅ ៨ឆ្នាំ

- Advertisement -spot_img

តុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី ១៤ មិថុនា នេះបានសម្រេច ឱ្យចាប់ខ្លួន និងផ្តន្ទាទោសកញ្ញា សេង ធារី និងអតីតសកម្មជន គណបក្ស សង្គ្រោះជាតិ ចំនួនជាង ៤០ នាក់ផ្សេងទៀតក្រោមបទចោទប្រកាន់ញុះញង់ និងរួមគំនិត ក្បត់ពាក់ព័ន្ធ នឹងដំណើរ វិល ត្រលប់ចូលមកមាតុភូមិវិញ របស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩ ។ បើតាមលោក ជូង ជូងី មេធាវី ការពារក្តីឱ្យកញ្ញា សេង ធាវី បានបញ្ជាក់ក្រោយស្តាប់សវនការថា តុលាការបានចេញដីកាចាប់ខ្លួនកញ្ញា សេង ធារី និងសកម្មជនផ្សេងទៀត ភ្លាមៗ ដោយម្នាក់ៗត្រូវជាប់ពន្ធនាគារ ៥ឆ្នាំ ៦ឆ្នាំ និង ៨ ឆ្នាំ ដោយមិនមានការកាត់តំរឹមទោសនោះឡើយ ។

លោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង, លោកអ៊ូ ចាន់ណារ័ត្ន និងអតីតសកម្មជនគណបក្សសង្គ្រោះជាតិចំនួន៨នាក់ផ្សេងទៀតដែលកំពុងរស់នៅក្រៅប្រទេស ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចកាត់ទោសជាប់ពន្ធធនាគារចំនួន៨ឆ្នាំ និងចេញដីកាឱ្យចាប់ខ្លួនភ្លាមៗក្រោមបទចោទរួមគំនិតក្បត់។

ក្រៅពីនោះ កញ្ញា សេង ធារី មេធាវីខ្មែរសញ្ជាតិអាមេរិក និងអតីតសកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅក្នុងស្រុកមួយចំនួន គឺត្រូវផ្តន្ទាទោសដាក់ពន្ធធនាគារ៦ឆ្នាំ ខណៈសកម្មជនផ្សេងទៀតជាប់៥ឆ្នាំអនុវត្តទោសព្យួរ។ នេះជាការបញ្ជាក់ពីលោក ជូង ជូងី មេធាវីការពារក្តីឱ្យកញ្ញា សេង ធារី ក្រោយរូបលោកចូលស្តាប់ការប្រកាសសាលក្រមរបស់តុលាការនៅព្រឹកថ្ងៃទី១៤ មិថុនា នេះ។

លោកមេធាវី ជូង ជូងីបានលើកឡើងនៅមុខសាលាដំបូងរាជធានីភ្នំពេញថា ក្នុងនាមលោកជាមេធាវីការពារក្តីឱ្យកញ្ញា សេង ធារី លោកនឹងប្រើសិទ្ធិប្តឹងទៅកាន់សាលាឧទ្ទរណ៍ចំពោះការចាប់ខ្លួនកូនក្តីរបស់លោក។ លោកមេធាវីរូបនេះ អះអាងទៀតថា ការចាប់ខ្លួនមកលើកញ្ញាសេង ធាវី និងការដាក់ពន្ធនាគារចំនួន៦ឆ្នាំ ជារឿងមិនត្រឹមត្រូវ និងអយុត្តិធម៌ ខណៈកូនក្តីលោកបានព្យាយាមស្វែងរកភាពយុត្តិធម៌ ប៉ុន្តែត្រូវបានតុលាការទម្លាក់បន្ទុកបន្ថែមទៀតទៅវិញ។

នៅមុនតុលាការក្រុងភ្នំពេញចេញដីកាចាប់ខ្លួន និងកាត់ទោស កញ្ញាសេង ធារី និងអតីតសកម្មជនគណបក្សសង្គ្រោះជាតិ កញ្ញាសេង ធាវី ក្នុងសំលៀកបំពាក់យកតាមលំនាំរូបសំណាក់សេរីភាពប្រជាធិបតេយ្យក្នុងទីក្រុងញ៉ូយក បានឱ្យដឹងថា កញ្ញាបានត្រៀមខ្លួនរួចរាល់ចំពោះសេចក្តីសម្រេចកាត់ទោសជាប់ពន្ធនាគារពីតុលាការ ដោយកញ្ញាយល់ថា តុលាការមិនបានអនុវត្តច្បាប់ដោយយុត្តិធម៌ចំពោះអ្នកប្រជាធិបតេយ្យនោះឡើយ។ កញ្ញាបន្តថា ការចោទប្រកាន់ពីបទ ក្បត់ជាតិ គឺជាលះដែលរបបផ្តាច់ការយកមកប្រើប្រាស់តែប៉ុណ្ណោះ។

ក្រោយការចាប់ខ្លួន ស្ថានទូតសហរដ្ឋអាមេរិកបានចេញសម្តែងការខកចិត្តជាខ្លាំង ចំពោះសាលក្រមនៅថ្ងៃនេះ ដោយស្ថានទូតអាមេរិកធ្វើការ អំពាវនាវឲ្យអាជ្ញាធរកម្ពុជាដោះលែងកញ្ញា សេង ធារី និងសកម្មជនសិទ្ធិមនុស្សដទៃទៀត ពីការដាក់ពន្ធនាគារដ៏ អយុត្តិធម៌នេះ។

សូមជម្រាបថា កញ្ញាសេង ធារី មេធាវីសញ្ជាតិ្តខ្មែរ-អាមេរិក និងអតីតសកម្មជនគណបក្សសង្គ្រោះជាតិជាង៤០នាក់ផ្សេងទៀត ត្រូវបានតុលាការចោទប្រកាន់ពីបទ ញុះញង់ រួមគំនិតក្បត់ និងបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ ពាក់ព័ន្ធនឹងដំណើរវិលត្រលប់ចូលមកមាតុភូមិវិញរបស់លោក សម រង្ស៊ីកាលពីថ្ងៃទី០៩ ខែវិឆ្ឆិកា ឆ្នាំ២០១៩។

ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពី អ្ន ក នយោបាយ បក្ស កាន់អំណាច ចោទប្រកាន់ លោក សម រង្ស៊ី និង អ្នក គាំទ្រ ថា ចូលរួមក្នុងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់។ ក្នុងនោះ សំណុំរឿងរបស់កញ្ញាសេង ធាវីកាលពីដំបូងស្ថិតនៅជាមួយ សកម្មជន នយោបាយ ចំនួន ១៤០ នាក់ផ្សេងទៀត។ ក៏ប៉ុន្តែក្រោយមកតុលាការបានបំបែកសំណុំរឿងនេះ និងដាក់ កញ្ញា សេង ធារី ឲ្យ នៅក្នុង សំណុំរឿង មួយ ដាច់ តែម្នាក់ឯង។ ហើយគិតមកទល់ការចាប់ខ្លួន កញ្ញា សេង ធារី ត្រូវបាន តុលាការជំនុំជម្រះចំនួន១១លើករួចមកហើយ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img