អ៊ីស្តង់ប៊ុល ៖ លទ្ធផលវិជ្ជមានចំនួន២បានលេច ចេញ ក្នុងកិច្ចចរចារវាងរុស្ស៊ី និងអ៊ុយក្រែនកាលពីថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២នេះ ។
ក្នុងទី១ ៖ ប្រទេសរុស្ស៊ីបានសន្យាកាត់បន្ថយប្រតិបត្តិការយោធានៅជុំវិញទីក្រុង កៀវ និងទីក្រុង Chernihiv ។
និងទី២ ៖ អ៊ុយក្រែនបានទទួលយកឋានៈអព្យាក្រឹត។ កិច្ចពិភាក្សាបានធ្វើឡើងនៅក្នុងវិមានទីក្រុង អ៊ីស្តង់ប៊ុល ពោលគឺមានរយៈពេលជាងមួយខែ ក្រោយផ្ទុះការវាយប្រហារធំបំផុតលើប្រទេសអឺរ៉ុបមួយ ចាប់តាំងពីសង្គ្រាមលោកលើកទី២មក ដែលបានសម្លាប់ ឬរងរបួសមនុស្សរាប់ពាន់នាក់ បង្ខំឲ្យមនុស្សជិត៤លាននាក់ភៀសខ្លួនទៅក្រៅប្រទេស និងបានបំផ្លាញសេដ្ឋកិច្ចរបស់រុស្ស៊ីដោយការដាក់ទណ្ឌកម្ម។
អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Alexander Fomin បានប្រាប់អ្នកយកព័ត៌មានReuter កាលពីថ្ងៃអង្គារថា “ការសម្រេចចិត្តមួយត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយសកម្មភាពយោធានៅក្នុងទិសដៅ កៀវ និង Chernihiv”។ ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបាននិយាយអំពីតំបន់ផ្សេងទៀតដែលបានជួបការប្រយុទ្ធគ្នាខ្លាំងនោះទេ រួមមានជុំវិញទីក្រុង Mariupol នៅភាគអាគ្នេយ៍ តំបន់ Sumy និង Kharkov នៅភាគខាងកើត និង Kherson និង Mykolaiv នៅភាគខាងត្បូងផងដែរ។
ចំណែកក្រុមរបស់អ៊ុយក្រែនឯណោះវិញ បាននិយាយថា ពួកគេនឹងទទួលយកឋានៈអព្យាក្រឹត សម្រាប់ប្រទេសនេះ ដែលមានន័យថា អ៊ុយក្រែននឹងមិនចូលរួមសម្ព័ន្ធភាពនានាដូចជា ណាតូ នោះទេ ដែលនេះជាការទាមទារដ៏សំខាន់របស់ទីក្រុងមូស្គូ ជាថ្នូរនឹងការធានាសន្តិសុខ៕
ប្រភពReuter ប្រែសម្រួលដោយ៖ គីរីដងរែក