28 C
Phnom Penh
Monday, November 11, 2024
- Advertisement -spot_img

ឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក សម្រេចបានជាង ៩ពាន់លានដុល្លារ កើនឡើងជាង ៣២%

- Advertisement -spot_img

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានតម្លៃទឹកប្រាក់សរុបប្រមាណ ៩.១៥៨លានដុល្លារ នៅឆ្នាំ ២០២១ បានកើនឡើងរហូតដល់ ៣២,៦២ភាគរយ ពីចំនួនទឹកប្រាក់ ៦.៩០៥លានដុល្លារ នៅឆ្នាំ ២០២០។ នេះបើយោងតាមទិន្នន័យបង្ហាញដោយក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក នៅថ្ងៃទី ៨ខែ កុម្ភៈ ឆ្នាំ ២០២២នេះ។

ការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានកំណើនគួរឲ្យកត់សម្គាល់បែបនេះ បន្ទាប់ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បាន និងកំពុងងើបឡើងវិញជាបណ្តើរៗ គ្រាដែលរាជរដ្ឋាភិបាលគ្រប់គ្រងស្ថានភាពការរីករាលដាលនៃជំងឺកូវីដ១៩កាន់តែបានល្អ ជាមួយនឹងការចាក់វ៉ាក់សាំជូនប្រជាពលរដ្ឋបានជាង ៩០ភាគរយ នៃប្រជាពលរដ្ឋសរុបទូទាំងប្រទេស។

ចំណែកស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលជាមហាអំណាចទីមួយពិភពលោកក៏ត្រូវបានគេរំពឹងថា បានងើបចេញពីវិបត្តិដែលបណ្តាលមកពីការញំាញីនៃជំងឺកូវីដ១៩ជាបណ្តើរៗ និងឆ្ពោះទៅរកភាពប្រសើរឡើងផងដែរ។

ទិន្នន័យដដែលបានបង្ហាញទៀតថា ការនាំចេញរបស់កម្ពុជា ទៅទីផ្សារសហរដ្ឋអាមេរិក ពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ មានតម្លៃទឹកប្រាក់ ៨.៧៤៥លានដុល្លារ បានកើនឡើង ៣៣,២៦ភាគរយ។ ចំណែកការនាំចូលរបស់កម្ពុជា ត្រឡប់មកពីសហរដ្ឋអាមេរិកមកវិញនៅក្នុងអំឡុងពេលតែមួយនេះ មានតម្លៃទឹកប្រាក់ ៤១៣លានដុល្លារ បានកើនឡើង ២០,៤០ភាគរយ។

មុខទំនិញដែលនាំចេញពីកម្ពុជាទៅទីផ្សារអាមេរិកភាគច្រើនលើសលុបជាផលិត ផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូបសម្រាប់ធ្វើដំណើរ។ ចំណែកមុខទំនិញសំខាន់ៗដែលកម្ពុជានាំចូលពីសហរដ្ឋអាមេរិកមានដូចជា គ្រឿងអេឡិតត្រូនិក យានយន្ត គ្រឿងចក្រ ឱសថ និងបរិក្ខាពេទ្យជាដើម។

សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញទំនិញធំបំផុតបស់កម្ពុជា នាពេលបច្ចុប្បន្ន ដែលបានវ៉ាឈ្នះទីផ្សារសហភាពអឺរ៉ុប ដែលបានធ្លាក់មកនៅលំដាប់ទីពីរវិញចាប់តាំងពីឆ្នាំ ២០២០។

ថ្លែងក្នុងឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មានបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ សម្រាប់កុមារចាប់ពីអាយុ ៦ឆ្នាំ ដល់ក្រោមអាយុ ១២ឆ្នាំ ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព កាលពីថ្ងៃទី ១៧ខែកញ្ញា ឆ្នាំ ២០២១កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការបញ្ជាទិញសម្លៀកបំពាក់ពីកម្ពុជា បានចាប់ផ្តើមកើនឡើងខ្លាំង ដោយសារតែប្រទេសមួយចំនួនដូចជា ប្រទេសប្រេស៊ីល, បង់ក្លាដេស, មីយ៉ាន់ម៉ា និងវៀតណាមជាដើម គ្មានលទ្ធភាពផ្គត់ផ្គង់ទីផ្សារបាន ដែលធ្វើឲ្យអ្នកបញ្ជាទិញសម្រុកមកបញ្ជាទិញពីកម្ពុជាវិញ។

តាមការចុះផ្សាយរបស់បញ្តាញសារព័ត៌មានអន្តរជាតិនាពេលកន្លងមកបានរាយការណ៍ថា ប្រទេសវៀតណាម និងបង់ក្លាដែស បានប្រឈមការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងអំឡុងត្រីមាសទី២ឆ្នាំមុន ដែលធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មវិស័យវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើងរបស់ពួកគេមួយចំនួន។ ចំណែកប្រទេសមីយ៉ាន់ម៉ាវិញ កំពុងជួបបញ្ហាវិបត្តិផ្ទៃក្នុងដែលបង្កឡើងដោយរដ្ឋប្រហារយោធា ដូច្នេះធ្វើឲ្យអ្នកបញ្ជាទិញជាច្រើនបានងាកមកទិញពីកម្ពុជាជំនួសវិញ។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានឲ្យដឹងថា ការនាំចេញរបស់កម្ពុជា ទៅសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០២០ មានតម្លៃទឹកប្រាក់សរុប ៦៥៧៧លានដុល្លារ បានកើនឡើង ២២,៧៩ភាគរយ បើធៀបកាលពីឆ្នាំ ២០១៩។ ដោយឡែកការនាំចេញរបស់សហរដ្ឋអាមេរិក ត្រឡប់មកកម្ពុជាវិញ នៅឆ្នាំ ២០២០ មានតម្លៃទឹកប្រាក់សរុបប្រមាណ ៣៤៣លានដុល្លារ បានធ្លាក់ចុះ ៣៣,២៦ភាគរយ៕
អត្ថបទ និងរូបភាពដោយ៖សារព័ត៌មានគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img