30 C
Phnom Penh
Thursday, December 5, 2024
- Advertisement -spot_img

គំនិតផ្តួចផ្តើមរបស់ឯកឧត្តម ស៊ី ជីនពីង ជំរុញការតភ្ជាប់សកល និងពន្លឿនការអនុវត្តរបៀបវារៈរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

- Advertisement -spot_img

ចាប់តាំងពីឯកឧត្តម ស៊ី ជីនពីងចូលកាន់តំណែងជាប្រធានរដ្ឋចិន នៅឆ្នាំ២០១៣ មក រដ្ឋាភិបាលចិនបានចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការនៃការអភិវឌ្ឍសកល តាមរយៈការដាក់ចេញនូវគំនិតផ្តួចផ្តើម នានា ជាពិសេសគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល។ ការដាក់ចេញនូវគំនិតផ្តួចផ្តើមខាងលើនេះមិនមែនជាភាពចៃដន្យនោះទេ ប៉ុន្តែជាការបង្ហាញអំពីការប្តេជ្ញាចិត្តយ៉ាងរឹងមាំរបស់រដ្ឋាភិបាលចិន ក្នុងការគាំទ្រប្រព័ន្ធពហុភាគីនិយម និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីលើកកម្ពស់ការអភិវឌ្ឍរួមសម្រាប់មនុស្សជាតិ។

ក្នុងបរិបទនៃការធ្លាក់ចុះនៃហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវបានផ្តល់នូវកាលានុវត្តភាព និងក្តីសង្ឃឹមថ្មីដល់ប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមមានផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ បរិក្ខារថាមពល និងសួនឧស្សាហកម្មដែលត្រូវការជាចាំបាច់សម្រាប់ការពង្រឹងខឿនសេដ្ឋកិច្ចជាតិ។ ក្នុងរយៈពេល ១១ ឆ្នាំនេះ គំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវបានដើរតួនាទីជាកម្លាំងចលករដ៏សំខាន់មួយ ក្នុងការពង្រឹងការតភ្ជាប់សកល ការបង្កើនទំនាក់ទំនងវិនិយោគ-ពាណិជ្ជកម្ម និងការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។

ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើនត្រូវបានលេចចេញជារូបរាងឡើង ដែលក្នុងនោះរួមមាន (១) កំពង់ផែ Gwadar នៅប៉ាគីស្ថាន (២) ផ្លូវដែកល្បឿនលឿន នៅឥណ្ឌនេស៊ី និងឡាវ និង (៣) ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាជាដើម។ ការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវគម្រោងកំពង់ផែឆ្លាតវៃ “Chancay” ដំបូងគេបង្អស់របស់ប៉េរូ កាលពីពេលថ្មីៗនេះ គឺជាសាក្ខីភាពនៃភាពជោគជ័យមួយទៀត ក្រោមកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវរវាងចិន និងប៉េរូ ដែលត្រូវបានរំពឹងទុកថានឹងក្លាយទៅជាច្រកពាណិជ្ជកម្មថ្មីដ៏សំខាន់មួយក្នុងការតភ្ជាប់អាស៊ី និងអាមេរិកឡាទីន ក៏ដូចជាអាស៊ី និងតំបន់ការាបៀន។ គម្រោងទាំងនេះមិនត្រឹមតែជំរុញការតភ្ជាប់ក្នុងតំបន់ និងអន្តរតំបន់ទេ ប៉ុន្តែថែមទាំងលើកកម្ពស់សក្តានុពលសេដ្ឋកិច្ចនៃប្រទេសម្ចាស់ផ្ទះ តាមរយៈការកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ការបង្កើនភាពប្រកួតប្រជែង ការបង្កើតការងារ និងការផ្ទេរជំនាញ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនផងដែរ។

មិនថាស្ថានការណ៍ពិភពលោកមានការប្រែប្រួលយ៉ាងណា ប្រទេសចិននៅតែបន្តដើរតួនាទីជាអ្នកចូលរួមចំណែកឈានមុខក្នុងកិច្ចការអភិវឌ្ឍសកល។ ជាក់ស្តែង នៅឆ្នាំ២០២១ ឯកឧត្តម ស៊ី ជីនពីង បានដាក់ចេញនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដើម្បីជំរុញការអនុវត្ត “របៀបវារៈរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព” សំដៅដោះស្រាយវិសមភាពសកល និងជំរុញការអភិវឌ្ឍ និងវិបុលភាពរួមប្រកបដោយបរិយាប័ន្ន និងចីរភាព។

តាមរយៈគំនិតផ្តួចផ្តើមនេះ ចិនបានបង្កើនមូលនិធិសម្រាប់ការអភិវឌ្ឍសកល និងកិច្ចសហប្រតិបត្តិការត្បូង-ត្បូងរហូតដល់ ៤ ប៊ីលានដុល្លារ ខណៈគម្រោងអភិវឌ្ឍន៍ជាង ១១០០ ត្រូវបានដាក់ឱ្យដំណើរការ ដែលបាននាំមកនូវផលប្រយោជន៍យ៉ាងធំធេងដល់ប្រទេសកំពុងអភិវឌ្ឍន៍។ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រេស៊ីល ឯកឧត្តម ស៊ី ជីនពីង បានប្រកាសថា មូលនិធិអភិវឌ្ឍន៍ចំនួន ២០ ប៊ីលានដុល្លារ ទៀតនឹងត្រូវយកមកប្រើប្រាស់បន្ថែម ដើម្បីគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យនានាដូចជាការកាត់បន្ថយភាពក្រីក្រ សន្តិសុខស្បៀង និងសេដ្ឋកិច្ចឌីជីថល។ល។

សមិទ្ធផលខាងលើបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ចិន ក្នុងការឈរនៅជាមួយ និងគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការកសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ ទន្ទឹមនឹងនេះ វឌ្ឍនភាពយ៉ាងឆាប់រហ័សរបស់ចិនក្នុងការអភិវឌ្ឍថាមពលបៃតង និងបញ្ញាសិប្បនិមិត្តក៏នឹងចូលរួមចំណែកដល់ការផ្ទេរបច្ចេកវិទ្យា និងចំណេះដឹងដើម្បីធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្នដល់ប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។

ទោះបីជាគំនិតផ្តួចផ្តើមទាំងនេះត្រូវបានដាក់ចេញដោយចិនក៏ពិតមែន ប៉ុន្តែវាបានចែករំលែកផ្លែផ្កានៃកិច្ចសហប្រតិបត្តិការលើសពីដែនដីរបស់ចិន ហើយបានក្លាយទៅជាទំនិញសាធារណៈសកល ដែលនាំមកនូវផលប្រយោជន៍ឥតគណនាដល់ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ សរុបមក គំនិតផ្តួចផ្តើម ដាក់ចេញដោយឯកឧត្តម ស៊ី ជីនពីង មិនត្រឹមតែបានឆ្លុះបញ្ចាំងពីចក្ខុវិស័យសម្រាប់ការអភិវឌ្ឍអន្តរជាតិប្រកបដោយចីរភាព និងបរិយាប័ន្នប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់នូវកាលានុវត្តភាពសម្រាប់ការតភ្ជាប់សកល ជំរុញកំណើនសេដ្ឋកិច្ច និងរួមចំណែកដល់ការពន្លឿនក្នុងការអនុវត្តរបៀបវារៈរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img