(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបអនុម័តគ្រោងវិនិយោគថ្មីចំនួន៣ ដែលជាការវិនិយោគបើករោងចក្រផលិត សម្លៀកបំពាក់ និងកាបូប នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដែលមានទឹកប្រាក់វិនិយោគសរុបជិត២០លានដុល្លារ បង្កើតការងារប្រមាណ២ពាន់កន្លែង។
Facebook ផ្លូវការរបស់ CDC បានបញ្ជាក់ឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ ក្រុមហ៊ុន ORIENT HONGYE (CAMBODIA) KNITTING CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវណតប្រ៊ីត ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១៤កន្លែង។
២៖ ក្រុមហ៊ុន KYLIN (CAMBODIA) SPORTS CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិកណ្តោល សង្កាត់រលួស ខណ្ឌដង្កោ រាជធានី មានទុនវិនិយោគប្រមាណ ៥.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧១៤កន្លែង។
៣៖ ក្រុមហ៊ុន SPEARHEAD COMMODITIES (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគចំនួន ១០.៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៧៧ កន្លែង៕
ដោយគីរីដងរែក