(តាកែវ)៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដឹកនាំដោយ លោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ រួមដំណើរដោយក្រុមការងារបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំងអាជ្ញាធរស្រុកសំរោង បានអញ្ជើញចុះពិនិត្យផ្ទាល់ដល់ទីតាំងជីកដីស្តារអាងទឹកបត់រកា ស្ថិតក្នុងឃុំស្លា និងទីតាំងចាក់បំពេញអាចម៍ដី ស្ថិតក្នុងភូមិដីក្រហម ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។
ក្រុមការងារគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ ក៏បានធ្វើការពិនិត្យដោះស្រាយលើករណីចាក់អាចម៍ដីផងដែរ។ ផ្អែកតាមការពិនិត្យជាក់ស្ដែង ការចាក់អាចម៍ដីនោះគឺធ្វើឡើងនៅលើដីកម្មសិទ្ធិឯកជន (ក្បាលដីលេខ ៣០៦ និងលេខ ៤១៣) ក៏ប៉ុន្តែសកម្មភាពចាក់ដីនោះ បានរកឃើញថា មានការរំលោភបំពានចូលមកលើដី ដែលអាជ្ញាធរមូលដ្ឋានបានរក្សាទុកជាសម្បត្តិរួមរបស់រដ្ឋ។ នៅក្នុងឱកាសចុះពិនិត្យនោះ លោក ស៊ុត ខុន អភិបាលរងខេត្ត បានណែនាំដល់ក្រុមការងារជំនាញ និងអាជ្ញាធរស្រុកសំរោង ត្រូវធ្វើការវាស់វែង និងកំណត់ព្រំប្រទល់ឱ្យបានច្បាស់លាស់ ដោយត្រូវបន្តជំរុញគម្រោងស្តារអាងទឹកឱ្យដើរទៅមុខដើម្បីប្រយោជន៍ប្រើប្រាស់ទឹកស្អាតរបស់ពលរដ្ឋផង និងត្រូវមានវិធានការទប់ស្កាត់ កែសម្រួលដីដែលចាក់រំលោភបំពានមកលើដីរដ្ឋវិញ ឱ្យបានត្រឹមត្រូវទៅតាមច្បាប់ជាដាច់ខាត ដើម្បីរក្សាការពារទ្រព្យសម្បត្តិសាធារណៈជូនរដ្ឋ និងសហគមន៍៕
មហាជនសូមស្នើទៅមន្ត្រីពាក់ព័ន្ធជួយស៊ើបអង្កេតអ្នកដែលគប់គិត និងអះអាងថាដីនេះសុទ្ធតែមានប្លង់កម្មសិទ្ធិ ចាក់ដីចូលដីចំណីអូរមកដាក់ទោសទាន់ផងដើម្បីជាគំរូដល់អ្នកផ្សេង។




ប្រភពពីដារ៉ាព័ត៌មាន




