កំពង់ធំះ លោក ហាន កុសល អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោក.នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងពិធីបើកគម្រោងដាំដើមឈើ «តោះដាំ ២០២៦» ឬ «Let’s Plant 2026» ក្រោមប្រធានបទ «ទេសចរណ៍ម្នាក់ ដើមឈើមួយដើម» នៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រសំបូរព្រៃគុក ខេត្តកំពង់ធំ ស្ថិតនៅសហគមន៍ទេសចរណ៍សំបូរព្រៃគុក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាព្រឹកថ្ងៃអាទិត្យ ០២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។
កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពី ម្ចាស់ក្រុមហ៊ុនតូយូតា ប្រធានមន្ទីរជុំវិញខេត្ត លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ កងកម្លាំងទាំងបី និងក្រុមសិស្ស-និស្សិត ដែលបានអញ្ជើញចូលរួមសរុបប្រមាណជាង៣០០នាក់។
គម្រោងដាំដើមឈើនេះ មានគោលបំណងចូលរួមបង្កើនភាពបៃតង និងសោភ័ណភាពនៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រសំបូរព្រៃគុក ជាពិសេសការដាំដើមឈើអមសងខាងផ្លូវដែលត្រូវធ្វើដំណើរទៅកាន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដើម្បីធ្វើឱ្យបរិស្ថានតំបន់ទេសចរណ៍កាន់តែមានភាពស្រស់បំព្រង និងមានបរិយាកាសបៃតងសម្រាប់ភ្ញៀវទេសចរណ៍។
ក្នុងឱកាសនោះ លោក ហាន កុសល បានលើកឡើងពីសារៈសំខាន់នៃការដាំដើមឈើឡើងវិញ ដោយសង្កត់ធ្ងន់ថា ការដាំដើមឈើមិនត្រឹមតែជួយលើកកម្ពស់សោភ័ណភាពតំបន់ទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមថែរក្សាបរិស្ថាន និងធនធានធម្មជាតិផងដែរ។ ការដាំដើមឈើអមសងខាងផ្លូវទៅកាន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដោយលើកទឹកចិត្តឱ្យអនុវត្តគោលការណ៍ «មួយនាក់ ដាំដើមឈើមួយដើម»។ ជាមួយគ្នានេះ អ្នកដែលបានដាំដើមឈើរួច ត្រូវមានការទទួលខុសត្រូវក្នុងការថែរក្សា និងការពារដើមឈើទាំងនោះឱ្យបានគង់វង្ស ដើម្បីឱ្យដើមឈើអាចលូតលាស់បានល្អ និងផ្តល់ប្រយោជន៍រយៈពេលវែង។
ជាចុងក្រោយលោក ហាន កុសល អភិបាលរងខេត្តកំពង់ធំ បានលើកឡើងបន្ថែមទៀតថាតាមគម្រោង «តោះដាំ២០២៦» ដើមឈើដែលត្រូវដាំមានចំនួនសរុប២.០២៦ដើម ក្នុងនោះដើមឈើហូបផ្លែចំនួន ១.៨២៦ដើម និង ដើមចាមានចំនួន២០០ដើម។ ការដាំដើមឈើទាំងនេះ នឹងរួមចំណែកបង្កើនផ្ទៃបៃតង សោភ័ណភាពតាមដងផ្លូវ និងបរិវេណតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រសំបូរព្រៃគុក។ គម្រោងនេះក៏ជាសកម្មភាពមួយដែលបង្ហាញពីការយកចិត្តទុកដាក់លើការរួមបញ្ចូលការអភិវឌ្ឍវិស័យទេសចរណ៍ជាមួយការថែរក្សាបរិស្ថាន ដោយផ្តោតលើការចូលរួមរបស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ក្នុងការដាំ និងថែរក្សាដើមឈើឱ្យបានយូរអង្វែង៕










ដោយសំនៀង គិរីដងរែក




