27.5 C
Phnom Penh
Saturday, September 5, 2026
- Advertisement -spot_img

ការ​ស្ទង់​មតិ​និង ​”China travel” បង្ហាញ​ពី​ការផ្លាស់ប្តូរទស្សនៈវិជ្ជមានសាកលចំពោះចិនយ៉ាង​ខ្លាំង​

- Advertisement -spot_img

មជ្ឈមណ្ឌលស្រាវជ្រាវ PEW ដែលមានទីតាំងនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ដែលជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវលើទស្សនៈមហាជនចំពោះនយោបាយ គោលនយោបាយ សាសនា សង្គមសាស្រ្ត ប្រជាសាស្រ្ត បច្ចេកវិទ្យា និង អន្តោប្រវេសន៍។ នៅខែកក្កដា ឆ្នាំ២០២៦នេះ តាមរបាយការណ៍របស់ Pew Research Center ក្នុងចំណោមប្រទេសទាំង៣៦ដែលបានស្ទង់មតិ មានប្រទេសត្រឹមតែ ៦ប៉ុណ្ណោះ ដែលនៅតែមានទស្សនៈវិជ្ជមានចំពោះសហរដ្ឋអាមេរិកខ្ពស់ជាងចិន ក្នុងនោះមានប្រទេសចំនួន៤ស្ថិតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក គឺ ឥណ្ឌា ជប៉ុន ហ្វីលីពីន និងកូរ៉េខាងត្បូង។ នៅសល់ប្រទេសដទៃទៀត រួមទាំងប្រទេសដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកយូរអង្វែង ដូចជា កាណាដា និងម៉ិកស៊ិក ជាអ្នកជិតខាងផ្ទាល់របស់អាមេរិក បានបង្ហាញការគាំទ្រចិនច្រើនជាងអាមេរិក ជាលើកដំបូង។
ករណីកាណាដាបង្ហាញយ៉ាងច្បាស់ពីល្បឿននៃការផ្លាស់ប្តូរនេះ។

មកដល់ឆ្នាំ២០២៦ ជនជាតិកាណាដាមានទស្សនៈវិជ្ជមានចំពោះចិន (៤៤%) ច្រើនជាងសហរដ្ឋអាមេរិក (៣៣%)។ លំនាំដូចគ្នា នេះក៏ត្រូវបានគេសង្កេតឃើញនៅក្នុងប្រទេសអឺរ៉ុបជាច្រើនផងដែរ ជាពិសេសបារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងហូឡង់ ដែលបច្ចុប្បន្ននេះមានទស្សនៈវិជ្ជមានចំពោះចិនច្រើនជាងអាមេរិក។
ក្នុងកម្រិតដឹកនាំ ការស្ទង់មតិបានរកឃើញថា ចំនួនអ្នកដែលមានទំនុកចិត្តលើប្រធាន​រដ្ឋ​ចិន Xi Jinping ថា មានសមត្ថភាពសម្រេចចិត្តត្រឹមត្រូវលើកិច្ចការពិភពលោកនាពេលបច្ចុប្បន្ននេះខ្ពស់ជាងចំនួនអ្នកទុកចិត្តលើប្រធានាធិបតីអាមេរិក Donald Trump រួមមានប្រទេសអឺរ៉ុបជាច្រើន ដូចជា អាល្លឺម៉ង់ ក្រិក អ៊ីតាលី ហូឡង់ អេស្ប៉ាញ ស៊ុយអែត និងចក្រភពអង់គ្លេស។


ក្នុងចំណោមប្រទេសមានចំណូលមធ្យមចំនួន១៧ ដែលបានចូលរួមក្នុងការស្ទង់មតិនេះ ជាមធ្យម ៧៥% និយាយថាសហរដ្ឋអាមេរិកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃច្រើន ឬច្រើនតិចតួច។ លើសពីនេះទៀត ជនជាតិនៅប្រទេសទាំងនេះក៏មានទំនោរមើលឃើញចិនជាដៃគូគួរឱ្យទុកចិត្តជាងសហរដ្ឋអាមេរិក​ផង​ដែរ។ ឧទាហរណ៍ នៅអាហ្វ្រិកខាងត្បូង ៧២% និយាយថាចិនជាដៃគូគួរឱ្យទុកចិត្តរបស់ប្រទេសខ្លួន ធៀបនឹង៤៦%ចំពោះអាមេរិក ខណៈដែលចំនួន​អ្នកយល់ថា ​ចិនរួមចំណែកដល់សន្តិភាពនិងស្ថិរភាពពិភពលោកបានកើនឡើងពី ៤៧% ក្នុងឆ្នាំ២០២៣ មកដល់ ៦៤% ក្នុងឆ្នាំ២០២៦។ ក្នុងករណីប៉ាគីស្ថាន គម្លាតកាន់តែធំ ដោយ៨៤%ចាត់ទុកចិនជាដៃគូគួរឱ្យទុកចិត្ត ធៀបនឹងត្រឹមតែ ៣៦% ចំពោះអាមេរិក។


បើយើងក្រឡេកមើលទស្សនៈរបស់ជនជាតិអាមេរិកវិញ ស្ទង់មតិផ្ទៃក្នុងរបស់ Pew Research Center ចំពោះជនជាតិអាមេរិកខ្លួនឯង (ធ្វើឡើងក្នុងខែមីនា ឆ្នាំ២០២៦) បានរកឃើញថា ២៧% នៃជនជាតិអាមេរិកមានទស្សនៈវិជ្ជមានចំពោះចិន ដែលកើនឡើង៦ភាគរយធៀបនឹងឆ្នាំមុន និងកើនឡើង ស្ទើរតែទ្វេដងធៀបនឹងឆ្នាំ២០២៣។
ការកើន​ឡើងនេះនៃទស្សនៈវិជ្ជមានចំពោះចិន ជាលទ្ធផលនៃដំណើរការពីរប្រកបគ្នា៖ ទីមួយ ការកែលម្អបន្តិចម្តងៗនៃរូបភាពចិនតាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងការទូតសកម្មនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងទីពីរ ការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៃការទុកចិត្តអន្តរជាតិចំពោះសហរដ្ឋអាមេរិក ជាពិសេសក្រោមរដ្ឋបាលលោក Trump ជំនាន់ទី២ ដែលត្រូវបានគេយកមកភ្ជាប់ជាមួយគោលនយោបាយពាណិជ្ជកម្មបែបការពារនិយម (protectionism) ការដកខ្លួនចេញពីកិច្ចព្រមព្រៀងពហុភាគី និងទស្សនៈ “អាមេរិកមុនគេ” (America First)។

ការកើនឡើងនៃទស្សនៈវិជ្ជាមានមកលើប្រទេសចិន ក៏មានការរួមចំណែកពីវិស័យទេសចរណ៍ផងដែរ។ ការចូលមើល China Hastag ក្នុងចំណោមយុវជនលោកខាងលិច មានការកើនឡើងរហូតដល់ជាង ២៨ ពាន់លានចំនួនមើលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្រៅប្រទេស ដែលជាលទ្ធផល គិតត្រឹមឆមាសទីមួយនៃឆ្នាំ២០២៦ ចិនបានទទួលភ្ញៀវទេសចរបរទេសចំនួន ២២,៩១៤,០០០ នាក់ កើនឡើង ២០,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានបន្តលើកកម្ពស់គោលនយោបាយលើកលែងទិដ្ឋាការ និងវិធានការសម្រួលការធ្វើដំណើរផ្សេងទៀត ធ្វើឱ្យ “China Travel” ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងជាសកល ខណៈពាក្យ “China Cool” ក៏បានក្លាយជាពាក្យពេញនិយមមួយក្នុងរដូវក្តៅនេះផងដែរ។

និន្នាការទាំងនេះឆ្លុះបញ្ចាំងពីអំណាចទន់របស់ចិន ដែលកំពុងពង្រីកតាមរយៈបទពិសោធន៍ផ្ទាល់របស់ភ្ញៀវទេសចរអន្តរជាតិ ជាកត្តាមួយបន្ថែមទៀតដែលរួមចំណែកដល់ការផ្លាស់ប្តូរនៃទស្សនៈវិជ្ជមានចំពោះចិននៅលើឆាកអន្តរជាតិ។ ការសិក្សានេះ បង្ហាញពីចំណុចរបត់ជាប្រវត្តិសាស្ត្រជាលើកដំបូង ក្នុងរយៈពេលជិត២ទសវត្សរ៍កន្លងមកនេះ ការផ្លាស់ប្តូរនេះមិនកើតចេញពីការកើនឡើងអំណាចទន់ចិនតែមួយទេ ប៉ុន្តែជាលទ្ធផលរួមផ្សំគ្នារវាងកិច្ចខិតខំប្រឹងប្រែងចការទូតសេដ្ឋកិច្ចចជាបន្តបន្ទាប់របស់ចិន និងការធ្លាក់ចុះនៃការទុកចិត្តអន្តរជាតិចំពោះគោលនយោបាយការបរទេសនិងភាពជាអ្នកដឹកនាំពិភពលោករបស់សហរដ្ឋអាមេរិក៕

ដោយ បណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img