ភ្នំពេញ៖ ដំណើរការសាងសង់រោងចក្របង្គុំ និងដំឡើងរថយន្តFord នៅខេត្តពោធិ៍សាត់សម្រេចបានប្រមាណពី ៧០ទៅ ៨០ភាគរយហើយ បើគិតមកទល់នឹងពេលនេះ និងគ្រោងបញ្ចប់ដំណើរការសាងសង់នៅចុងត្រីមាសទី១ឆ្នាំ ២០២២នេះ។ នេះបើតាមការអះអាងរបស់លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុនទទួលសិទ្ធិនាំចូលរថយន្ត Ford របស់អាមេរិកនៅទីផ្សារកម្ពុជា។

លោក ងន សាំង បានមានប្រសាសន៍ថា ទោះបីជាពិភពលោក ក៏ដូចជា កម្ពុជា បានជួបវិបត្តិជំងឺកូវីដ១៩ក៏ដោយ ប៉ុន្តែដំណើរការសាងសង់រោងចក្រដំឡើងរថយន្តFord នៅកម្ពុជា មិនបានរងផលប៉ះពាល់នោះទេ ហើយគិតមកទល់នឹងពេលនេះអគារទាំងមូលត្រូវបានសាងសង់ស្ទើររួចរាល់អស់ហើយ ដោយនៅតែដាក់បញ្ចូលនៅសម្ភារគ្រឿងបរិក្ខាប៉ុណ្ណោះ។
លោកបញ្ជាក់ថា ការសម្រេចបើករោងចក្រដំឡើងរថយន្តFord នៅកម្ពុជាដោយផ្ទាល់នេះ ដោយសារយើងឃើញពីសក្តានុពលទីផ្សារតម្រូវការប្រើប្រាស់រថយន្តថ្មីកំពុងមាននិន្មានការកើនឡើងកាន់តែច្រើន ជាមួយគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល និងការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់កម្ពុជា។

លោកបន្តថា តាមផែនការរោងចក្រនេះនឹងដំឡើងយីហោរថយន្ត២ប្រភេទ របស់Ford គឺ Ford Ranger និងFord Everest ប្រមាណ៤.៥០០គ្រឿង ក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់នៅទីផ្សារក្នុងស្រុក ដោយពុំទាន់មានផែនការនាំចេញទៅលក់នៅក្រៅប្រទេសនៅឡើយ។ រោងចក្រដំឡើងរថយន្តFord នេះ សាងសង់លើផ្ទៃដី៤ហិកតា ស្ថិតនៅភូមិសាវ័ន ឃុំស្នាអន្យា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាមួយទុនវិនិយោគចំនួន២១លានដុល្លារ។រោងចក្រនេះអាចស្រូបទាញកម្លាំងពលកម្មបានប្រមាណ៥០០នាក់និងមានសមត្ថភាពអាចផលិតរថយន្តបានប្រមាណ១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។

បច្ចុប្បន្នកម្ពុជា មានក្រុមហ៊ុនមួយចំនួន បានបោះទីតាំងវិនិយោគបង្កើតរោងចក្របង្គុំ និងដំឡើងរថយន្ត ក្នុងនោះរួមមាន ក្រុមហ៊ុនរបស់កូរ៉េពីរគឺ Hyundai និង Daehan បានបង្កើតរោងចក្រដំឡើងរថយន្តនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងទឹកដីខេត្តកោះកុង និងនៅក្រុងបាវិតខេត្តស្វាយរៀង។ ចំណែកក្រុមហ៊ុន International VCV Industry CO,. ltd ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុញ្ញាតឱ្យធ្វើការវិនិយោគបង្កើតរោងចក្របង្គុំ និងដំឡើងរថយន្ត នៅរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៨៕


អត្ថបទ និងរូបភាពដោយ៖ សារព័ត៌មាន គីរីដងរែក